(ប៉ារីស)៖ ប្រធានសេនាធិការយោធាបារំាង លោកឧត្តមសេនីយ៍ ព្យែរ ឌឺវីលលីយេ (Pierre de Villiers) បានសុំលាលែងពីមុខតំណែងហើយនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមានការខ្វែងគំនិតគ្នា ជាមួយប្រធានាធិបតីបារំាង លោក អែមម៉ានុយអែល ម៉ាក្រុង ជុំវិញគំរោងកាត់បន្ថយបញ្ចប់ថវិការយោធា ចំណែកឯលោក ម៉ាក្រុង ក៏បានទទួលពាក្យលាលែងនេះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន មេទ័ពបារាំងវ័យ ៦០ឆ្នាំ លោក វីលលីយេ បាននិយាយថា លោកបានព្យាយាមរក្សាភាពខ្លាំងនៃវិស័យការពារជាតិបារាំង ជាមួយសមត្ថភាពក្នុងការធ្វើការងារ ដែលកាន់តែលំបាកឡើងៗ ក្រោមការដាក់កំហិតកញ្ចប់ថវិកា ប៉ុន្តែលោកថា មិនអាចបំពេញការងារនេះតទៅទៀតបានទេ។ «នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ខ្ញុំមើលឃើញខ្លួនឯងថា មិនមាន សមត្ថភាពធានាឱ្យបាននូវភាពរឹងមាំ នៃវិស័យការពារជាតិបារាំងទៀតនោះទេ... ហើយខ្ញុំជឿជាក់ថា វាពិតជាចាំបាច់ណាស់ក្នុងការធានាឱ្យបាន ការការពារប្រទេសបារាំង និងប្រជាជនបារាំង... ថ្ងៃនេះ និងថ្ងៃស្អែក ខ្ញុំនៅតែគាំទ្រមហិច្ឆតាប្រទេសរបស់យើង»។ នេះបើតាមសម្ដីលោក ព្យែរ ឌឺវីលលីយេ។
គួររំលឹកថា នៅអំឡុងកិច្ចប្រជុំបិទទ្វាររបស់សភាជាតិបារាំង កាលពីថ្ងៃទី១២ ខែកក្កដា លោក ព្យែរ ឌឺវីលលីយេ បានរិះគន់យ៉ាងខ្លាំងលើគំរោងកាត់បន្ថយកញ្ចប់ថវិកាយោធាជាង ៩៧៩.៤៦លានដុល្លារ របស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ហើយដែលការកាត់បន្ថយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់រដ្ឋ៕