(តូក្យូ)៖ មនុស្សយ៉ាងតិចចំនួន ០៦នាក់បានបាត់បង់ជីវិត និងជាង ៧,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាទូទាំងប្រទេសជប៉ុន ក្នុងអំឡុងពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការវាយលុកដោយរលកកម្តៅលើសពី ៣០អង្សាសេជារៀងរាល់ថ្ងៃ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជប៉ុន ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។
ចំនួនមនុស្សដែលបានទទួលរងគ្រោះ ដោយសារតែសីតុណ្ហភាពដ៏សែនក្តៅខ្លាំងបែបនេះសម្រាប់ប្រទេសជប៉ុន ក្នុងសប្តាហ៍នេះ បានកើនឡើងក្នុងកម្រិត ១.៨ដង ខ្ពស់ជាងអត្រានៃជនរងគ្រោះ កាលពីសប្តាហ៍កន្លងទៅ។ ម៉្យាងវិញទៀតមនុស្សជិត ១៧០នាក់ តម្រូវឲ្យបន្តសម្រាកព្យាបាល សម្រាប់រយៈពេលលើសបីសប្តាហ៍។ ដោយឡែកជនរងគ្រោះស្ទើរតែពាក់កណ្តាល ដែលបានទទួលរងឥទ្ធិពលនៃអាកាសធាតុក្តៅខ្លាំងនេះ គឺជាមនុស្សវ័យចំណាស់ ដែលមានអាយុច្រើនជាង ៦៥ឆ្នាំ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនកម្រិតសីតុណ្ហភាពនៅទូទាំងប្រទេសជប៉ុន គឺប្រហែលជា ៣៥អង្សាសេ ខណៈស៊ីតុណ្ហភាពជាមធ្យមសម្រាប់ប្រជាជាតិអាស៊ីខាងកើតមួយនេះ ជាទូទៅគឺត្រឹម ២០-២៥អង្សាសេប៉ុណ្ណោះ។ យ៉ាងណាមិញរលកកម្តៅនេះត្រូវបានគេរំពឹងថា នឹងនៅតែបន្តក្នុងសប្តាហ៍នេះដដែល៕