(ម៉ានីល)៖ សមាជិកនៃកងអង្គរក្សប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចំនួន០៦នាក់ បានរងរបួសដោយសារតែការលួចវាយឆ្មក់ ពីសំណាក់ក្រុមឧទ្ទាមឆ្វេងនិយម នៅឯតំបន់ភាគខាងត្បូងនៃប្រទេស នៅព្រឹកថ្ងៃពុធនេះ។ នេះបើតាមប្រភពពីមន្ត្រីយោធាហ្វីលីពីន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។
យោធាហ្វីលីពីននៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនបានឱ្យដឹងយ៉ាងដូច្នេះថា «សមាជិកកងអង្គរក្សប្រធានាធិបតីហ្វីលីពីនបានធ្វើដំណើរតាមផ្លូវជាតិ ក្នុងទីក្រុង Arakan ស្ថិតនៅភាគខាងជើងខេត្ត Cotabato នៃកោះ Mindanao... ប៉ុន្តែត្រូវបានជនប្រដាប់អាវុធមួយក្រុម ដែលគេជឿជាក់ថា ជាសមាជិកក្រុមឧទ្ទាមកងទ័ពប្រជាជនថ្មី ឬ New People's Army (NPA) លួចវាយឆ្មក់នៅតាមផ្លូវនៅម៉ោងប្រមាណ ៦៖០០នាទីព្រឹក ដោយបណ្ដាលអង្គរក្ស ០៦នាក់រងរបួស នៅអំឡុងពេលដែលពួកគេកំពុងដឹកនាំការធ្វើអធិការកិច្ចនៅក្នុងទីក្រុង Arakan ស្ថិតនៅចំងាយ ១,៥០០ គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងម៉ានីល ដើម្បីរៀបចំសុវត្ថិភាព និងសន្តិសុខ មុននឹងការបំពេញដំណើរទស្សនកិច្ចរបស់លោក ឌូតឺតេ»។
គួរបញ្ជាក់ថា អ្នករងរបួសទំាង ០៦នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ ចំណែកឯប៉ូលិស និងយោធាកំពុងដឹកនាំប្រតិបតិ្តការ តាមចាប់ក្រុមអ្នកវាយប្រហារដែលកំពុងរត់គេចខ្លួន៕