(ការ៉ាកាស)៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានទាត់ចោល ការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ឱ្យលុបចោលគំនិតផ្ដួចផ្ដើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលគ្រោងនឹងដំណើរការតាមរយៈការបោះឆ្នោតមួយនៅថ្ងៃទី៣០ ខែកក្កដានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវេណេស៊ុអេឡាជាច្រើននាក់ ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការពារជាតិ វេណេស៊ុយអេឡា លោក Vladimir Padrino Lopez និងមេដឹកនាំលំដាប់ទី០២ នៃគណបក្សរបស់ លោក ម៉ាឌូរ៉ូ គឺលោក Diosdado Cabello សម្រាប់ការរំលោភសិទ្ធិមនុស្ស ហើយមិនតែប៉ុណ្ណោះ វិស័យប្រេងដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ របស់រដ្ឋអាមេរិកឡាទីនមួយនេះ ក៏អាចនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចផងដែរ។
ទោះបីយ៉ាងណាក៏ដោយនៅក្នុង សេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសវេណេស៊ុយអេឡាបានទាត់ចោលការគំរាមពីសហរដ្ឋអាមេរិក ដោយបញ្ជាក់យ៉ាងដូច្នេះថា «នេះមិនមែនជាលើកទី០១ឡើយ ដែលយើងទទួលរងការថ្កោលទោស និងជួបប្រទះការគំរាមកំហែងឆ្កួតឡប់របៀបនេះ... យើងយល់ថា នេះគ្រាន់តែចេតនារបស់សហរដ្ឋអាមេរិក ដែលចង់បង្កាច់បង្ខូចកិត្តិយសរបស់បណ្ដាប្រទេសដទៃ តាមរយៈការ ប្រើប្រាសទំនាក់ទំនងអន្តរជាតិ... ដូច្នេះពួកយើងនឹងរៀបចំការបោះឆ្នោតតាមការគ្រោងទុក បើទោះជាមានការគំរាមក៏ដោយ» ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានហៅលោក ម៉ាឌូរ៉ូ ជាមេដឹកនាំដ៏អាក្រក់ដែលស្រមៃចង់ក្លាយជាមេដឹកនាំផ្ដាច់ការ និងថែមទាំងបានព្រមាន ដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរឹង នៅក្នុងករណីវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃទី៣០ ខែកក្កដា កើតឡើងមែននោះ ស្របពេលក្រុមគណបក្សប្រឆាំង បានចាត់ទុកថា ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនេះគឺមានគោលដៅពង្រឹងអំណាចរបស់លោក ម៉ាឌូរ៉ូ៕