(ហាណូយ)៖ ព្យុះ Talas ដែលបាន​វាយប្រហារតំបន់​ភាគកណ្តាល​ប្រទេស​វៀតណាម កាលពីដើម​សប្តាហ៍នេះ និងក្លាយជា​ព្យុះត្រូពិកទីពីរ ដែល​ប្រជាជាតិ​អាស៊ានមួយនេះ​ បានជួបប្រទះ​នៅក្នុងឆ្នាំ២០១៧នេះនោះ បានបន្សល់​ទុកមនុស្ស​ចំនួន ០៤នាក់ស្លាប់ និង០៥នាក់​ផ្សេងទៀត​​​បាត់ខ្លួន។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​គណៈកម្មាធិការ​មជ្ឈិម ទទួលបន្ទុកទប់ស្កាត់ និងគ្រប់គ្រង​គ្រោះមហន្តរាយ នៃប្រទេស​វៀតណាម ព្យុះកំណាច​ខាងលើ​បានបណ្តាល​ឲ្យ​ផ្ទះសម្បែងជាង ៥០ខ្នងដួលរលំ និងជាង ៤,២០០ខ្នង​រង​ការខូចខាត។ ជាងនេះ​ទៅទៀត វាបានបង្កឲ្យ​កប៉ាល់ និងទូកនេសាទ​ចំនួន ៥៣គ្រឿង បូក​រួម​ជាមួយ​ទូក​សណ្តោង​របស់កងទ័ពជើង​ទឹក​វៀតណាម ក៏ដូចជាសាឡង់​ចំនួនពីរគ្រឿង​ផ្សេង​ទៀតលិចលង់។ ជាមួយគ្នានេះ​ព្យុះត្រូពិក Talas ក៏បានបំផ្លិចបំផ្លាញ​ផ្ទៃដីស្រែ និងចម្ការជិត ៥០,០០០ហិកតាថែមទៀតផង។

គួរបញ្ជាក់ថា នៅក្នុងអំឡុង​ពេល ០៦ខែដំបូងនៃឆ្នាំ២០១៧នេះ គ្រោះមហន្តរាយធម្មជាតិ​នៅក្នុងប្រទេស​វៀតណាម បានផ្តាច់ជីវិត និងធ្វើឲ្យមនុស្ស​​បាត់ខ្លួន​សរុប ២៧នាក់, បង្ករបួស​ស្នាម ៣០នាក់, ធ្វើឲ្យខូចខាត​ផ្ទះសម្បែង ៥,៩០០ខ្នង, និងបំផ្លិចបំផ្លាញផ្ទៃដី​ដាំ​ដុះ​ប្រមាណ ១១,៤០០ហិកតា។ នេះបើតាមការិយាល័យ​ស្ថិតិទូទៅ​របស់​វៀតណាម៕