(ប៉េកាំង)៖ ចិនបានបញ្ជាក់ម្តងទៀតអំពីសំណើរបស់ខ្លួនដល់ឥណ្ឌា ឲ្យដកកងទ័ពចេញពីដែនដីមានបញ្ហាជម្លោះ នៅក្នុងតំបន់ភ្នំហិមាល័យ ដើម្បីជៀសវាងការដុតរោលស្ថានការណ៍ដែលកំពុងតែតានតឹង ហើយការលើកឡើងសាជាថ្មីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំង ទើបតែបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរតំបន់នោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russia Today (RT) នៅព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានទទូចឲ្យប្រទេសឥណ្ឌា ដកកងទ័ពរបស់ខ្លួន ចេញពីតំបន់ដែលស្ថិតក្បែរព្រំប្រទល់ចិន-ឥណ្ឌា-ប៊ូតាន វិញ។ លោក Lu បានថ្លែងយ៉ាងដូច្នេះថា «យើងបានលើកឡើងជាច្រើនដងមកហើយថា ពួកយើងសង្ឃឹមថាភាគីឥណ្ឌា នឹងយល់ច្បាស់ពីស្ថានការណ៍ ហើយចាត់វិធានការដកទ័ពរបស់ខ្លួន ដែលបានឆ្លងព្រំដែនដោយខុសច្បាប់ ត្រឡប់ទៅខាងព្រំដែនរបស់ប្រទេសឥណ្ឌាវិញ»។ អ្នកនាំពាក្យរូបនេះបានបន្តថា កងកម្លាំងយោធាឥណ្ឌា ត្រូវតែដកថយនៅមុនកិច្ចចរចាណាមួយ អាចកើតឡើងទៅរួចបាន ជុំវិញបញ្ហាជម្លោះដែនដីនេះ។
គួរបញ្ជាក់ថា ចិន និងប្រទេសប៊ូតានដែលជាសម្ព័ន្ធមិត្តរបស់ឥណ្ឌា បានបន្តជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នា ជុំវិញរឿងវិវាទដែនដី នៅឯចំណុចប្រសព្វត្រីមុខនៃប្រទេសទាំងបី អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងញូដេលី ដែលជាអ្នកគាំទ្រការទាមទារដែនដីរបស់ប៊ូតាននោះ បានកើនឡើងកម្តៅខ្លាំងចាប់តាំងពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ នៅពេលដែលក្រុមការងារចិន បានចាប់ផ្តើមការសាងសង់ផ្លូវថ្នល់មួយខ្សែ នៅតំបន់ខ្ពង់រាបមានជម្លោះ Doklam ដែលឥណ្ឌាបានអះអាងថា ជាដែនដីរបស់ប៊ូតាន។ ជាការឆ្លើយតបប៊ូតានបានស្នើសុំជំនួយពីសម្ព័ន្ធមិត្តឥណ្ឌា ហើយទីក្រុងញូដេលី ក៏បានបញ្ជូនកងទ័ពរបស់ខ្លួនឆ្លងព្រំដែនទៅក្បែរទីនោះតែម្តង៕