(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវេណេស៊ុយអេឡាជាច្រើននាក់ ដើម្បីដាក់សម្ពាធលើលោក ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ សម្រាប់ការមិនអើពើនឹងការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងគំរោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបង្កើតសភាធម្មនុញ្ញថ្មីមួយ ខណៈសភាបច្ចុប្បន្នគ្រប់ គ្រងដោយគណបក្សប្រឆាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមមន្ត្រីអាមេរិកថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ប្រាប់ Reuters ថា វិធានការដាក់ទណ្ឌកម្មអាចនឹងផ្ដោតសំខាន់លើ រដ្ឋមន្ត្រីការពារជាតិវេណស៊ុយអេឡា លោក Vladimir Padrino Lopez និងមេដឹកនាំលំដាប់ទី០២ នៃគណបក្សរបស់ លោក ម៉ាឌូរ៉ូ គឺលោក Diosdado Cabello សម្រាប់ការរំលោភសិទ្ធិមនុស្ស ហើយមិនតែប៉ុណ្ណោះវិស័យប្រេង ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់រដ្ឋអាមេរិកឡាទីនមួយនេះ ក៏អាចនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចផងដែរ។
គួរបញ្ជាក់ថា ការអះអាងរបស់ក្រុមមន្ត្រីអាមេរិក ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅថា លោក ម៉ាឌូរ៉ូ ជាមេដឹកនាំដ៏អាក្រក់ដែលស្រមៃចង់ក្លាយជាមេដឹកនាំផ្ដាច់ការ និងថែមទាំងបានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរឹង នៅក្នុងករណីវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃទី៣០ ខែកក្កដា កើតឡើងមែននោះ៕