(សេអ៊ូល)៖ កូរ៉េខាងជើងបានរៀបចំការប្រហារជីវិតជាសាធារណៈ នៅតាមច្រាំងទន្លេរួមទាំងទីធ្លាសាលារៀន និងទីផ្សារលក់ដូរនានា ចំពោះជនប្រព្រឹត្តបទល្មើសជាក់ស្តែងមួយចំនួនដូចជា ការលួចស្ពាន់ពីម៉ាស៊ីនរោងចក្រ, ការមើល ឬចែកចាយបន្តនូវសារព័ត៌មានពីប្រទេសកូរ៉េខាងត្បូង, និងអំពើជួញដូរផ្លូវភេទជាដើម។ នេះបើតាមរបាយការណ៍ថ្មីមួយ ដកស្រង់ពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។
របាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលមួយ មានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូលបានឲ្យដឹងថា ការសម្រេចចិត្តក្រៅប្រព័ន្ធតុលាការ សម្រាប់ការប្រហារជិវិតនៅតាមទីសាធារណៈបែបនេះ ជារឿយៗត្រូវបានជះឥទ្ធិពលដោយសារតែ សាវតាក្រុមគ្រួសារមិនល្អ ឬក៏យុទ្ធនាការរដ្ឋាភិបាល ដើម្បីបំបាក់ទឹកចិត្តប្រជាជន មិនឲ្យធ្វើសកម្មភាពអ្វីមួយ។ អង្គការអន្តរយុត្តិធម៌ TJWG បានបញ្ជាក់ថា របាយការណ៍របស់ខ្លួន ត្រូវបានរៀបចំឡើងដោយផ្អែកលើបទសម្ភាសន៍ យ៉ាងលម្អិត ជាមួយជនជាតិកូរ៉េខាងជើងចំនួន ៣៧៥នាក់ ដែលបានរត់គេចខ្លួនពីប្រទេសដ៏ឯកោមួយនេះ នៅក្នុងអំឡុងពេលពីរឆ្នាំ។
គួរបញ្ជាក់ថា អង្គការ TJWG មានសមាសភាពដូចជា សកម្មជនការពារសិទ្ធិមនុស្ស និងអ្នកស្រាវជ្រាវជាច្រើនរូប ហើយដឹកនាំដោយ លោក Lee Younghwan ដែលធ្លាប់បានបម្រើការជាអ្នកតស៊ូមតិម្នាក់ ដើម្បីការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។ បន្ថែមពីនេះប្រភពឧបត្ថម្ភភាគច្រើនរបស់អង្គការនេះ គឺបានមកពីទីភ្នាក់ងារ National Endowment for Democracy ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងទទួលការឧបត្ថម្ភបន្តពីសភាអាមេរិក៕