(ព្យុងយ៉ាង)៖ កាសែតរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានធ្វើការព្រលះរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ដែលមានរហស្សនាម «ឆ្កែឆ្កួត» ថាកំពុងតែធ្វើការប្រកាសសង្គ្រាមជាមួយនឹងទីក្រុងព្យុងយ៉ាង ហើយថែមទាំងបានជេរដៀលទៀតថា ឆ្កែឆ្កួតរបស់អាមេរិកមួយនេះ គឺជាធាតុផ្សំមួយដែលចូលចិត្តបង្កសង្គ្រាមឈ្លានពានគេនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik ដកស្រង់ពីកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun នាព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។
កាសែត Rodong Sinmun បានចេញផ្សាយយ៉ាងដូច្នេះថា «វាជារឿងដែលគួរអស់សំណើចណាស់ ដែលយើងគឺគេពិភាក្សាអំពីការមិនប្រើប្រាស់យោធា និងយកការទូតជាដំណោះស្រាយវិញនោះ។ James Mattis រហស្សនាម «ឆ្កែឆ្កួត» កំពុងតែធ្វើការប្រកាសសង្គ្រាមជាមួយនឹងទីក្រុងព្យុងយ៉ាង ហើយឆ្កែឆ្កួតរបស់អាមេរិកមួយនេះ គឺជាធាតុផ្សំមួយដែលចូលចិត្តបង្កសង្គ្រាមឈ្លានពានគេ នៅជុំវិញពិភពលោក»។
គួរបញ្ជាក់ថា ការថ្លែងរបស់កូរ៉េខាងជើងខ្លាំងៗខាងលើនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងតែបំផុសឲ្យមានការដាក់ទណ្ឌកម្មបន្ថែមនៅលើកូរ៉េខាងជើង ជាការឆ្លើយតបទៅនឹងការអភិវឌ្ឍមីស៊ីលផ្លោងឆ្លងទ្វីប ICM ដែលកូរ៉េខាងជើងទើបតែទទួលជោគជ័យនៃការធ្វើតេស្ត កាលពីសប្តាហ៍កន្លងទៅ ហើយត្រូវបានកូរ៉េខាងត្បូង អាមេរិក និងជប៉ុនអះអាងថា ជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ចំពោះសន្តិសុខក្នុងតំបន់ និងពិភពលោកទាំងមូល៕