(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីលោក វ៉្លាឌីមៀ ពូទីន បានជជែកគ្នាជាលើកទីពីរកាលពីថ្ងៃទី០៧ ខែកក្កដា ដែលជាថ្ងៃចាប់ផ្តើមនៃកិច្ចប្រជុំកំពូល G20 នៅឯប្រទេសអាល្លឺម៉ង់ ហើយកិច្ចពិភាក្សានោះមិនត្រូវបានបើកចំហឲ្យដឹងនោះឡើយ។ នេះបើតាមការបញ្ជាក់ពីសេតវិមានអាមេរិក ដកស្រង់ដោយស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។
មន្រ្តីជាន់ខ្ពស់សេតវិមានម្នាក់បានប្រាប់ CNN ថា កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្នុងរយៈពេលជិតមួយម៉ោង។ សេតវិមាននៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានទទួលស្គាល់អំពីជំនួបជាលើកទីពីរក្នុងថ្ងៃតែមួយនេះ និងបានលើកឡើងថា វាមានរយៈពេលខ្លីហើយ លោក ត្រាំ បានជជែកជាមួយលោក ពូទីន តាមរយៈអ្នកបកប្រែរបស់រុស្ស៊ី ដោយសារនាឱកាសពិសាភោជនីយអាហារពេលល្ងាចនោះ ប្រទេសនីមួយៗតម្រូវឲ្យមានអ្នកបកប្រែតែម្នាក់គត់ ខណៈអ្នកបកប្រែរបស់អាមេរិកនិយាយភាសាជប៉ុន។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានបន្តបញ្ជាក់ថា កិច្ចសន្ទនានោះបានប្រព្រឹត្តទៅនៅចំពោះមុខបណ្តាមេដឹកនាំពិភពលោកដទៃៗទៀត រួមទាំងស្វាមីក៏ដូចជាភរិយារបស់ពួកគេ នៅឯពិធីពិសាភោជនីយអាហារពេលល្ងាចមួយ ដែលរៀបចំឡើងដោយអធិការបតីអាល្លឺម៉ង់លោកស្រី អែនជែឡា មឺគែល ក្នុងអំឡុងនៃកិច្ចប្រជុំកំពូល G20 នៅទីក្រុង Hamburg។ នាឱកាសនោះ លោក ដូណាល់ ត្រាំ បានអង្គុយជិតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ និងភរិយារបស់លោក អាបេ ខណៈជំទាវទីមួយអាមេរិកលោកស្រី មេឡានា ត្រាំ ត្រូវអង្គុយក្បែរលោក ពូទីន។
សេតវិមានបានឲ្យដឹងថា លោក ត្រាំ ក៏បានទៅរកភរិយារបស់លោក ហើយសន្ទនាគ្នាជាមួយលោក ពូទីន នៅពេលពិធីពិសាភោជនីយអាហារនោះជិតបញ្ចប់។ សេតវិមានអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានបន្តថា វាគឺជារឿងធម្មតា និងជាកាតព្វកិច្ចមួយរបស់លោកប្រធានាធិបតី ដើម្បីធ្វើទំនាក់ទំនងជាមួយមេដឹកនាំពិភពលោកដទៃទៀត។ ជាងនេះទៅទៀត សេតវិមានក៏បានរិះគន់ ចំពោះការចាត់ទុកកិច្ចពិភាក្សានេះថា ជាជំនួបលួចលាក់លើកទីពីរថែមទៀតផង ហើយបានបញ្ជាក់ថា វាគ្រាន់តែជាកិច្ចសន្ទនាខ្លីមួយប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក ត្រាំ ផ្ទាល់ក៏បានបង្ហោះសារលើប្រព័ន្ធ Twitter ដើម្បីវាយប្រហារប្រព័ន្ធផ្សព្វផ្សាយផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ កិច្ចពិភាក្សានៅឯពិធីពិសាភោជនីយអាហារពេលល្ងាចនោះ បានកើតមានឡើង បន្ទាប់ពីលោក ត្រាំ និង លោក ពូទីន បានពិភាក្សាទល់មុខគ្នាជាលើកដំបូង នៅក្នុងជំនួបទ្វេភាគីរយៈពេលជាងពីរម៉ោង ដែលបានគ្រោងទុកនៅថ្ងៃដដែល៕