(ប៉េកាំង)៖ រុស្ស៊ីនិងចិន នឹងដឹកនាំការធ្វើសមយុទ្ធយោធាសមុទ្ររួមគ្នា នៅឯឈូងសមុទ្របាល់ទិច នៅសប្ដាហ៍នេះ ខណៈទីក្រុងប៉េកាំងបានសម្រេចចិត្តបញ្ជូននាវាពិឃាតដ៏មានឥទ្ធិពល របស់ខ្លួនឱ្យចូលរួមនៅក្នុងសមយុទ្ធយោធានេះ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមក្រសួងការពារជាតិរុស្ស៊ី សមយុទ្ធយោធានៅឯសមុទ្របាល់ទិច នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយមានការចូលរួមពីនាវាចម្បាំងរាប់សិបគ្រឿង រួមទំាងយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រនៃប្រទេសទាំងពីរ។ ចំណែកឯ កម្មវត្ថុចម្បង នោះគឺបង្កើនបទពិសោធន៍ ក៏ដូចជាប្រសិទ្ធិភាពធ្វើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង ព្រមទាំង ទប់ស្កាត់រាល់ការគំរាមកំហែងទាំងឡាយដល់សន្តិសុខសមុទ្រ ហើយមិនប៉ុណ្ណោះសមយុទ្ធយោធានេះ ក៏នឹងអាចជួយបង្កើនសមត្ថភាពកងនាវាចម្បាំងចិន និងរុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា កងនាវាចម្បាំងចិន នឹងធ្វើដំណើរទៅដល់មូលដ្ឋានទ័ពជើងទឹក Baltiysk នៃតំបន់ Kaliningrad នៅថ្ងៃទី២១ ខែកក្កដា សម្រាប់ពិធីទទួលស្វាគមន៍ជាផ្លូវការ បន្ទាប់មកទើប ត្រូវចូលរួមក្នុងសមយុទ្ធយោធាសមុទ្រជាមួយរុស្ស៊ីនៅឈូងសមុទ្របាល់ទិចពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដានេះ៕