(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃអង្គារនេះ បាននិយាយថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាត់វិធានការស្របច្បាប់សងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីជំនួបប្រជុំក្នុងទីក្រុង វ៉ាស៊ីនតោន បញ្ចប់ទៅដោយគ្មានលទ្ធផលអ្វីទាំងអស់ ពាក់ព័ន្ធនឹងការទាមទារឱ្យទីក្រុងវ៉ាស៊ីនតោន ប្រគល់កម្មសិទ្ធិទូតរុស្ស៊ីក្នុងទីក្រុងញូយ៉ក និងរដ្ឋម៉ារីលែន ដែលត្រូវបានរឹបអូសត្រឡប់ មកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ទីក្រុងមូស្គូ បានបញ្ជាក់ថាខ្លួនពិតជាមានការរំពឹងជាខ្លាំងទៅលើកិច្ចប្រជុំកាលពីថ្ងៃចន្ទ រវាងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov និងសមាភាគីអាមេរិក លោក Thomas Shannon ស្ដីពីជម្លោះការទូតរវាងប្រទេសទំាងពីរ ប៉ុន្តែនៅចុងបញ្ចប់គ្មានដំណោះស្រាយណាមួយត្រូវបានឯកភាពគ្នានោះឡើយ។ «រុស្ស៊ីបញ្ជាក់ជាថ្មីឡើងវិញថាបើសិនជា ទីក្រុងវ៉ាស៊ីតោនមិនព្រមប្រគល់កម្មសិទ្ធិទូតរុស្ស៊ី ត្រឡប់មកវិញទេនោះ ឬក៏នៅតែបង្កជាឧបសគ្គដល់ស្ថាប័នទូតរបស់យើង នោះយើងនឹងប្រើប្រាស់សិទ្ធិស្របច្បាប់ចាត់វិធានាការសងសឹក ឱ្យខានតែបាន»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញបទបញ្ជាឲ្យធ្វើការបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន ៣៥នាក់ ដែលសង្ស័យថា បានលួចស៊ើបយកការណ៍នៅសហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានបិទទីតាំងអគារចំនួនពីរកន្លែង ដែលជាកម្មសិទ្ធិរបស់ស្ថានទូតរុស្ស៊ីផងដែរ ដោយវិធានការទាំងនេះ ត្រូវបានធ្វើឡើង ជាការឆ្លើយតបចំពោះមន្ទិលសង្ស័យដែលថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចូលជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក៕