(ដូហា)៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ពិភពអារ៉ាប់ហាក់ត្រូវបានបែងចែកជាពីរភពផ្សេងគ្នា ទីមួយគឺពិភពដែលពោរពេញដោយអំពើហិង្សា និងសោកនាកម្ម។ ចំណែកពិភពអារ៉ាប់មួយផ្នែកទៀត ពោរពេញដោយភាពទាក់ទាញ និងសកលភាវូបនីយកម្ម។
ប្រទេស ស៊ីរី អ៊ីរ៉ាក់ លីប៊ី និងប្រទេសអេហ្ស៊ីប គ្របដណ្តប់ដោយជម្លោះ ខណៈដែលរដ្ឋាភិបាលកាតា អាប៊ូដាប៊ី និងឌូបៃ បានលេចឡើងជាមជ្ឈមណ្ឌល ទេសចរណ៍កំសាន្ត ធុរៈកិច្ច និងហិរញ្ញវត្ថុដ៏ទាក់ទាញ។ ទីក្រុងដ៏រីកចម្រើនេះហាក់មិនរងផលប៉ះពាល់ដោយសារអំពើហិង្សា ដែលកើតមានឡើងក្នុងតំបន់មួយ ផ្នែកទៀតនៅមជ្ឈឹមបូព៌ាទាល់តែសោះ។ មិនតែប៉ុណ្ណោះតំបន់ទាំងនេះ បែរជាទទួលអាចស្រូបយកផលប្រយោជន៍ដោយប្រយោល ព្រមទាំងត្រូវបានចាត់ទុកជា ឋានសួគ៌ដ៏មានសុវត្ថិភាព ក្នុងតំបន់មជ្ឈឹមបូព៌ាដែលពោរពេញដោយចលាចលទៅវិញ។
ប៉ុន្តែបច្ចុប្បន្នជញ្ជាំងដែលខណ្ឌចែករវាងពិភពអារ៉ាប់ទាំងពីរ ត្រូវបានផ្តួលរំលំហើយ។ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និងអារ៉ាប់រួម ក្នុងនោះរួម ទាំងអាប៊ូដាប៊ី និងឌូបៃ ផងដែរនោះបានដាក់ការរាំងខ្ទប់ទៅលើប្រទេស កាតា ដោយប្រកាសថា ប្រជាពលរដ្ឋនៃប្រទេសនេះបានធ្វើការគាំទ្រ ទៅលើចលនាជីហាដ ទូទាំងតំបន់ទំាងមូល ជាពិសេសចលនាជីហាតក្នុងប្រទេស ស៊ីរី និងលីប៊ី។ ជាលទ្ធផលដោយសារវិបត្តិនៅកាតា បណ្តាប្រទេសអ្នកមានតាមបណ្តោយឆ្នេរសមុទ្រ ដែលធ្លាប់តែមិនប្រឡាក់ប្រឡូសក្នុងជម្លោះនោះ ពេលនេះមិនដូចមុនទៀតទេ។
តើការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ នៃរដ្ឋអ្នកមានតាមបណ្តោយឆ្នេរទាំងនោះ អាចដួលរំលំវិញយ៉ាងដំណំដែរ ឬទេ។ ប្រសិនវាកើតឡើងមែននោះច្បាស់ណាស់ថា ផលប៉ះពាល់ជះឥទ្ធិពលលំដាប់សកលលោកតែម្តង។
ពិភពលោកអាចធ្វើការព្រងើយកន្តើយចំពោះវិបត្តិនៅស៊ីរី និងលីប៊ី ដោយសារប្រទេសទាំងពីរមិនបានដើរតួនាទីអ្វីសំខាន់ក្នុងវិស័យសេដ្ឋកិច្ចពិភពលោកឡើយ។ ប៉ុន្តែវាផ្ទុយស្រឡះសម្រាប់វិបត្តិដែលកើតមានទៅលើបណ្តារដ្ឋតាមឆ្នេរសមុទ្រ ក្នុងតំបន់មជ្ឈឹមបូព៌ាជាក់ស្តែងដូចជា ប្រទេស កាតាជាដើម។
វិបត្តិសន្តិសុខនៅទីនោះ នឹងទម្លាក់បន្ទុកទៅលើស្ថានភាពហរិញ្ញវត្ថុទូទាំងពិភពលោក។ បើទោះបីជាវាជាប្រទេសតូចតាចក្តី(កាតាមានប្រជាពលរដ្ឋ២.២លាននាក់ និងអារ៉ាប់រួមមាន៩.១លាននាក់) តែរដ្ឋទាំងនេះបានដើរតួនាទីយ៉ាងសំខាន់លើសេដ្ឋកិច្ចសកលលោក។ មិនតែប៉ុណ្ណោះអាជ្ញាធរវិនិយោគកាតា មានភាគហ៊ុនធំៗ ក្នុងក្រុមហ៊ុននាំចូលអឺរ៉ុបដូចជា ក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន Barclays ជាដើម។ កាតាថែមទាំងវិនិយោគក្នុងអចលនទ្រព្យសំខាន់ៗជុំវិញពិភពលោក ក្នុងនោះរួមទាំងអគារ Shard ដែលជាអគារខ្ពស់ជាងគេក្នុងទីក្រុង ឡុនដ៍ និង Harrods ផងដែរ។
វិបត្តិការទូតរវាង កាតា និងប្រទេសជិតខាងនៅអារ៉ាប់ អាចនឹងធ្វើឱ្យពួកគេខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ដោយសារការកាត់បន្ថយល្បឿនពាណិជ្ជកម្ម និងវិនិយោគទុន។ «ប្រសិនបើជម្លោះបន្តអូសបន្លាយជាបន្តទៀត នោះវានឹងបង្កផលប៉ះពាល់ធំធេងជាខ្លាំង» នេះជាការលើកឡើងរបស់មន្ត្រីធនាគារអន្តរជាតិ ដែលមានមូលដ្ឋានក្នុងប្រទេសនៅតាមតំបន់ឆ្នេរ។ ក្រៅពីនេះ ប្រទេសកាតា នឹងក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាលំដាប់ពិភពលោក World Cup ឆ្នាំ២០២២ខាងមុខដែលនឹងមានមនុស្សជាច្រើនចូលរួម។
កាតាជាប្រទេសនាំចេញឧស្ម័នធម្មជាតិធំបំផុតលំដាប់ពិភពលោក។ ប្រទេស កាតា ផ្គត់ផ្គង់ឧស្ម័នធម្មជាតិប្រមាណជាង៧០០០គីឡូម៉ែត្រគូប និងជាប់ឆ្នោត ជាប្រទេសបម្រុងឧស្ម័នធម្មជាតិធំជាងគេលំដាប់ទីបី លើពិភពលោក។
ប្រទេសកាតា ក៏ធ្លាប់ផ្គត់ផ្គង់ប្រេងចំនួន៥០០០០០បារ៉ែល ដែលសើ្មនឹង៨០០០០ម៉ែត្រគូបក្នុងមួយថ្ងៃផងដែរ។ ការផលិត និងការនាំចេញនៃឧស្ម័នធម្មជាតិ របស់កាតាកំពុងដើរតួនាទីយ៉ាងសំខាន់ជាលំដាប់។ ជាការពិតពិភពលោកនឹងជួបការលំដាប់ប្រសិនបើប្រទេស កាតាជួបវិបត្តិ ហើយបញ្ឈប់ការផ្គត់ផ្គង់ទៅខាងក្រៅ។ វិបត្តិនៅកាតា ចង្អុលបង្ហាញថា សោកនាដកម្មនៅតំបន់មជ្ឈឹមបូព៌ា មិនអាចរក្សាបណ្តារដ្ឋតាមបណ្តោយឆ្នេរឱ្យមានសុវត្ថិភាពដូចមុនបានទៀតឡើយ។
ហេតុផលខាងលើអាចបង្ហាញថា ទោះបីកាតាជាប្រទេសតូចតាច ប៉ុន្តែវិបត្តិក្នុងប្រទេសអ្នកមានមួយនេះ អាចជះឥទ្ធិពលដល់ពិភពលោកបាន៕
បកប្រែនិងសម្រួលដោយ៖ អ៊ឹត ចណ្ណា