(ប៉េកាំង)៖ ចិនបានថ្កោលទោសចំពោះខ្លឹមសារអវិជ្ជមាន នៅក្នុងសេចក្តីព្រាងការពារជាតិប្រចាំឆ្នាំ ដែលទើបតែទទួលបានការអនុម័តគាំទ្រពីសភាអាមេរិក កាលពីពេលថ្មីៗនេះ ដោយសារតែវានឹងបង្កើនទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ត្រឹមជាខេត្តមួយនៅក្នុងទឹកដីខ្លួនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានថ្កោលទោសធ្ងន់ៗចំពោះសេចក្តីព្រាងនេះ ដោយលោកបានលើកឡើងថា វាបានបំពានលើគោលនយោបាយចិនតែមួយដែលកំណត់ថា រដ្ឋាភិបាលចិនគឺមានតែមួយគត់ ដោយកោះតៃវ៉ាន់ក៏ត្រូវស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំនេះផងដែរ ហើយមិនទទួលស្គាល់តៃវ៉ាន់ថាជាប្រជាជាតិ ដែលមានអធិបតេយ្យភាពពេញលេញមួយនោះឡើយ។
លោក Lu បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ចិនបានបង្ហាញពីគោលជំហររបស់ខ្លួនយ៉ាងច្បាស់ហើយ អំពីសេចក្តីព្រាងវិស័យការពារជាតិនេះ ហើយអ្នកនាំពាក្យរូបនេះបានបន្ថែមថា ទំនាក់ទំនងរវាងតៃវ៉ាន់ និងយោធាសហរដ្ឋអាមេរិក ពុំគួរកើតឡើងមានឡើងនោះឡើយ ហើយបានចោទទីក្រុងវ៉ាស៊ីនតោនថា បានចូលលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង។
លោក Lu Kang បានគូសបញ្ជាក់ទៀតថា «យើងសូមទទូចដល់អាមេរិក ឲ្យទទួលស្គាល់យ៉ាងពេញលេញ នូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃឃ្លាពាក់ព័ន្ធមួយចំនួន ដែលបានចែងនៅក្នុងសេចក្តីព្រាងនេះ និងមិនគួរអនុញ្ញាតឲ្យពួកវាចូលជាធរមាន ក្លាយទៅជាច្បាប់បាននោះឡើយ ហើយកុំបង្វិលចង្កូតប្រវត្តិសាស្រ្តបកក្រោយថ្វី ដើម្បីជៀសវាងការបំផ្លិចបំផ្លាញដល់រូបភាពដ៏ទូលំទូលាយ នៃកិច្ចសហប្រតិបត្តិការចិន-អាមេរិក»។
សេចក្តីព្រាងការពារជាតិ NDAA ដែលត្រូវបានសភាអាមេរិកអនុម័តគាំទ្រកាលពីពេលថ្មីៗនេះ បានលើកឡើងថា វាគឺជាការយល់ឃើញរបស់សភាដែលថា រដ្ឋមន្រ្តីការពារជាតិអាមេរិកគួរតែបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ រវាងមន្រ្តីជាន់ខ្ពស់យោធាអាមេរិក និងតៃវ៉ាន់ ដែលមានកម្មវត្ថុសំដៅបង្កើនទំនាក់ទំនងកងទ័ព និងកងទ័ពរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ការចូលមកពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ជាមួយកោះតៃវ៉ាន់ គឺជាប្រធានបទដ៏រសើបបំផុតមួយ សម្រាប់ប្រទេសចិន បើទោះបីជាទីក្រុងវ៉ាស៊ីនតោនបច្ចុប្បន្នពុំមានទំនាក់ទំនងផ្លូវការ ជាមួយនិងកោះនេះយ៉ាងណាក្តី។ កាលពីពេលកន្លងទៅ ទីក្រុងប៉េកាំងក៏បានទាមទារទីក្រុងវ៉ាស៊ីនតោន ឲ្យពិចារណាឡើងវិញលើគម្រោងលក់សព្វាវុធ ដែលគិតជាទឹកប្រាក់សរុបមានតម្លៃដល់ទៅ ១.៤២ពាន់លានដុល្លារផងដែរ ដោយសារតែវានឹងផ្ទុយពីការយោគយល់គ្នាមួយ ដែលសម្រេចបានរវាង លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នៅពេលដែលមេដឹកនាំទាំងពីរបានជួបគ្នា កាលពីដើមខែមេសាកន្លងទៅនេះ៕