(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទសប្ដាហ៍នេះ បានសម្ដែងការមិនពេញចិត្តនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះការដាក់សំណើរៀបចំកិច្ចប្រជុំយោធាអន្តរកូរ៉េ ជាមួយកូរ៉េខាងជើងដោយនិយាយទៀតថា វិធានការជាអាទិភាពនៅពេលនេះ នោះគឺការដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង តាមរយៈទណ្ឌកម្ម។ នេះបើតាមអ្នកនំាពាក្យក្រសួងការបរទេសជប៉ុន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
«នេះមិនមែនជាពេលវេលាសាកសម មកអង្គុយសន្ទនាជាមួយកូរ៉េខាងជើងនោះទេ ក៏ប៉ុន្តែវាគឺជាពេលត្រូវដាក់សម្ពាធ និងទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាង រហូតដល់ពួកគេយល់ព្រម ត្រឡប់មករកតុចរចាវិញ ដោយឆន្ទៈពិតប្រាកដ»។ នេះគឺជាការលើកឡើងរបស់អ្នកនំាពាក្យក្រសួងការបរទេសជប៉ុន លោក Norio Maruyama ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងញូយ៉កជាទីដែលរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida ចូលរួមកិច្ចប្រជុំ UN ស្ដីពីការអភិវឌ្ឍ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទបានដាក់សំណើមួយទៅកាន់កូរ៉េខាងជើង ដើម្បីរៀបចំកិច្ចសន្ទនានៅថ្ងៃសុក្រសប្ដាហ៍នេះ នៅឯតំបន់ព្រំដែននៃភូមិ Panmunjom សំដៅបន្ធូរបន្ថយភាពតានតឹង។ ចំណែកឯកូរ៉េខាងជើង ក៏បានអះអាងដែរថា ដំណោះស្រាយលើស្ថានភាពប្រឈមមុខដាក់គ្នាទាំងនយោបាយ និងយោធានៅឧបទី្វបកូរ៉េ គួរតែកា្លយជាដំណាក់កាល ដំបូងនៃការធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទំាងពីរ។ មួយវិញទៀត បើសិនជាកិច្ចចរចាយោធានេះកើតឡើងមែន នោះវានឹងក្លាយជាជំនួបលើកដំបូងបំផុត គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥មក ប៉ុន្តែមកពេលនេះកូរ៉េខាងជើង មិនទាន់ឆ្លើយតបនឹងសំណើនេះនៅឡើយទេ៕