(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរឹង ប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា បើសិនជានៅតែចចេស អនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតសភាធម្មនុញ្ញ ដោយថែមទាំងហៅប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ថាមេដឹកនាំដ៏អាក្រក់មានបំណងចង់ក្លាយជា «មេដឹកនាំផ្ដាច់ការ» នៅអាមេរិកឡាទីន។ នេះបើតាម សេតវិមានដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
សេតវិមាននៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានបញ្ជាក់ពីសម្ដីរបស់ លោក ដូណាល់ ត្រាំ យ៉ាងដូច្នេះថា «កាលពីម្សិលមិញ (ថ្ងៃចន្ទ) ប្រជាជនវេណេស៊ុយអេឡា បានបង្ហាញយ៉ាងច្បាស់ជាថ្មីម្ដងទៀតថា ពួកគេឈរគាំទ្រប្រជាធិបតេយ្យ, សេរីភាព និងនីតិរដ្ឋ។ ប៉ុន្តែសកម្មភាព និងភាពហានក្លារបស់ពួកគេ នៅតែមិនត្រូវបានអើពើ ដោយមេដឹកនាំដ៏អាក្រក់ម្នាក់ដែលស្រមៃចង់ក្លាយ ជាមេដឹកនាំផ្ដាច់ការ... ដូច្នេះសហរដ្ឋអាមេរិកនឹងមិននៅស្ងៀមឡើយ ខណៈវេណេស៊ុយអេឡាកំពុងជួបវិបត្តិ ហើយបើសិនជារបបលោក ម៉ាឌូរ៉ូ អនុម័តលើគំរោងវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅថ្ងៃទី៣០ ខែកក្កដា នោះទីក្រុងវ៉ាស៊ីតោន នឹងចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរឹងជាទីបំផុត»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ៩៨ភាគរយនៃក្រុមអ្នកគាំទ្រគណបក្សប្រឆាំង បាននំាគ្នាបោះឆ្នោតក្រៅផ្លូវការមួយ ដោយទាត់ចោលគំរោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលពួកគេយល់ថា គឺជាមធ្យោបាយពង្រឹងអំណាច និងរំលោភលើរដ្ឋធម្មនុញ្ញ ហើយពួកគេនៅតែទទូចដដែលឱ្យមានការរៀបចំការបោះឆ្នោត បើទោះជាប្រធានាធិបតីរូបនេះ គំរាមប្រើប្រាស់កម្លាំងយោធាបង្រ្កាបក៏ដោយ៕