(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង កំពុងតែជំរុញឲ្យមានការបង្កើតប្រព័ន្ធយុទ្ធសាស្រ្តយោធាមួយមានឈ្មោះថា «អ័ក្សបី» ដើម្បីជួយដល់ការការពារខ្លួន ប្រឆាំងនឹងការគំរាមកំហែងមីស៊ីល ក៏ដូចជាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលកំពុងកើនឡើងឥទ្ធិពលខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
សមាសធាតុផ្សំរបស់ប្រព័ន្ធខាងលើ រួមមានប្រព័ន្ធវាយប្រហារ Kill Chain, ប្រព័ន្ធការពារមីស៊ីល និងដែនអាកាស KAMD, និងប្រព័ន្ធយុទ្ធសាស្រ្តតបតទ្រង់ទ្រាយធំ KMPR។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសន្យាថា នឹងបញ្ចប់កម្មវិធីនេះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅរួច ដោយសារតែវាគឺជាលក្ខខណ្ឌចម្បងមួយ សម្រាប់ការផ្ទេរសិទ្ធិនៃការគ្រប់គ្រងប្រតិបត្តិការសង្រ្គាមទាំងស្រុង OPCON លើកងទ័ពរបស់លោក ពីសហរដ្ឋអាមេរិកមកវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «កងទ័ពរបស់យើង នឹងខិតខំប្រឹងប្រែងរិះរកវិធីសាស្រ្តខុសៗគ្នា ដើម្បីបង្កើតប្រព័ន្ធសមត្ថភាពដែលគួរឲ្យទុកចិត្ត ដើម្បីត្រៀមទប់ទល់នឹង អាវុធនុយក្លេអ៊ែរក៏ដូចជាមីស៊ីលផ្លោង របស់ប្រទេសកូរ៉េខាងជើងឲ្យបានឆាប់បំផុតតាមតែអាចធ្វើបាន ដោយក្នុងនោះក៏រួមមានគម្រោងអ័ក្សបីផងដែរ»។
គួរបញ្ជាក់ថា រដ្ឋបាលលោក មូន ជែអ៊ីន សង្ឃឹមថា នឹងបង្ហើយកម្មវិធី «អ័ក្សបី» នេះឲ្យចប់រួចរាល់នៅដើមទសវត្សរ៍ឆ្នាំ២០២០ ស្របពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូងថ្មីនេះ កំពុងព្យាយាមចង់បានបញ្ជា OPCON មកគ្រប់គ្រងដោយផ្ទាល់វិញឲ្យទាន់អាណត្តិដឹកនាំរបស់ខ្លួន ដែលនឹងផុតនៅឆ្នាំ២០២២។ ក៏ប៉ុន្តែអ្វីដែលជាឧបសគ្គនៅចំពោះមុខនោះ គឺបញ្ហាកញ្ចប់ថវិកា។
គួរជំរាបជូនបន្ថែមផងដែរថា កូរ៉េខាងត្បូងតាមពិតត្រូវយក OPCON មកគ្រប់គ្រងវិញនៅចុងឆ្នាំ២០១៥ ក៏ប៉ុន្តែនីតិវិធីនៃការផ្ទេរសិទ្ធិបញ្ជាប្រតិបត្តិការកងទ័ពនេះ ត្រូវបានពន្យាពេលទៅវិញស្របពេលដែលសម្ព័ន្ធមិត្តទាំងពីរ (កូរ៉េខាងត្បូង-អាមេរិក) បានឯកភាពគ្នាថា នឹងស្វែងរកការផ្ទេរសិទ្ធដែលផ្អែកលើលក្ខខណ្ឌវិញ។ កូរ៉េខាងត្បូងបានប្រគល់សិទ្ធិ OPCON ទៅឲ្យកងកម្លាំង UN ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្រោយសង្រ្គាមរវាងបងប្អូនកូរ៉េទាំងពីរ បានផ្ទុះឡើងកាលពីចន្លោះឆ្នាំ១៩៥០-១៩៥៣៕