(សេអ៊ូល)៖ ជំនួយជាម្សៅមី ដែលជំនួយមួយផ្នែកនៃជំនួយប្រមាណ ៥,២០០តោន ដែលរដ្ឋាភិបាលរុស្ស៊ីសម្រេចចិត្តផ្ដល់ឱ្យទីក្រុងព្យុងយ៉ាង តាមរយៈអង្គការស្បៀងអាហារពិភពលោក (WFP) បានទៅដល់កំពង់ផែកូរ៉េខាងជើងហើយ កាលពីដើមសប្ដាហ៍នេះ ខណៈទំនាក់ទំនងរវាងចិន-កូរ៉េខាងជើងស្ថិតនៅក្នុងស្ថានភាពអាក្រក់ ដោយសារតែសហរដ្ឋអាមេរិក បានបង្ខំឲ្យទីក្រុងប៉េកាំងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ លើទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមយ៉ុនហាប់ដដែល ជំនួយជាម្សៅមីជាង ២,៤០០តោនរបស់ទីក្រុងម៉ូស្គូ សម្រាប់គំរោងមនុស្សធម៌ WFP បានទៅដល់ដៃកូរ៉េខាងជើងកាលពីយប់ថ្ងៃចន្ទម្សិលមិញ។ ជាងនេះទៅទៀត នៅក្នុងជំនួយទាំងនោះមានជំនួយ ២០៤តោន បានទៅដល់កំពង់ផែ Chongjin នៃខេត្ត Hamkyong ខាងជើង ហើយត្រូវបានបញ្ជូនបន្ត ទៅកាន់រោងចក្រចំណីអាហារនៅក្នុងខេត្ត Ryanggang ជាទីដែលម្សៅទំាងនេះ នឹងត្រូវបានប្រើប្រាស់ផលិតជានំ ខណៈជំនួយនៅសល់គ្រោងនឹងទៅដល់ទីក្រុងកំពង់ផែ Heungnam នៃខេត្ត Hamkyong ខាងត្បូងនៅថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា បើតាមគំរោងទីក្រុងម៉ូស្គូនឹងបញ្ជូនម្សៅ ២,៧០០តោន បន្ថែមទៀតទៅកាន់កូរ៉េខាងជើង ដែលកំពុងជាប់ទណ្ឌកម្មស្ទើរជុំទិសពីសំណាក់សហគមន៍អន្តជាតិ សម្រាប់ការធ្វើតេស្ដមីស៊ីលផ្លោងជាបន្តបន្ទាប់ រំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្ដល់ជំនួយនេះ ធ្វើឡើងនៅចំពេល ចិនកំពុងបង្ហាញពិភពលោកថា ខ្លួនបានចូលរួមជាមួយសហរដ្ឋអាមេរិក ដាក់សម្ពាធ និងទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង៕