(អាមេរិក)៖ កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញឃ្លីបវីដេអូមួយ ដែលមើលទៅប្រៀបដូចជាពួកយើង កំពុងតែហោះហើរនៅលើផ្ទៃដីដ៏សែនត្រជាក់ របស់ភពមិនពេញលក្ខណៈ (Dwaft Planet) «ភ្លុយតូ» អ៊ីចឹងព្រោះថា វាពិតជាកៀកមែនទែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
អង្គការ NASA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ខ្សែវីដេអូដ៏អស្ចារ្យនេះ ដែលត្រូវបានបង្កើតឡើង តាមរយៈការប្រើប្រាស់ទិន្នន័យពីដំណើរផ្សងព្រេងនៃការហោះ Flyby របស់យានអវកាស New Horizons កាលពីឆ្នាំ២០១៥នោះ បានផ្តល់ឲ្យយើងគ្រប់គ្នានូវទិដ្ឋភាពថ្មីៗដ៏អស្ចារ្យ នៃលក្ខណៈសម្បត្តិប្លែកៗជាច្រើន ដែលត្រូវបានរកឃើញ និងបានកែប្រែទស្សនវិស័យរបស់យើង ចំពោះភពភ្លុយតូកន្លងមក»។
កាលពីឆ្នាំមុន ក្រុមអ្នកវិទ្យាសាស្រ្តរបស់បេសកកម្ម New Horizons បានលាតត្រដាងឲ្យដឹងពីលទ្ធផលរបស់ពួកគេ ដែលទទួលបានពីដំណើរហោះទៅជិតភពភ្លុយតូ របស់យានអវកាសនេះ ហើយ NASA បានពិរពណ៌នារបកគំហើញថ្មីៗទាំងនោះថា បានកែប្រែទស្សនវិស័យរបស់ពួកគេទាំងស្រុងតែម្តង ចំពោះភពមិនពេញលក្ខណៈនេះ។
ក្រៅពីនេះអង្គការ NASA ក៏បានបញ្ចេញឃ្លីបវីដេអូស្រដៀងគ្នានេះអំពី Charon ដែលជាព្រះច័ន្ទដ៏ធំបំផុតក្នុងចំណោមព្រះច័ន្ទទាំង ០៥ របស់ភ្លុយតូផងដែរ ហើយទីភ្នាក់ងារអវកាសអាមេរិក បានគូសបញ្ជាក់ថា ដើម្បីធ្វើឲ្យរូបភាពសណ្ឋានដីរបស់ភ្លុយតូ និង Charon មានភាពប្រសើរឡើង វីដេអូរបស់ពួកគេត្រូវបានកែសម្រួល និងបំផ្លើសខ្លះៗ។ តួយ៉ាងពណ៌នៃផ្ទៃដីរបស់វត្ថុអវកាសទាំងពីរនេះ ក៏ត្រូវបានបន្ថែម Effect ផងដែរ ដើម្បីឲ្យពួកវាមើលទៅមានភាពលេចធ្លោឡើង៕