(ម៉ូស្គូ)៖ កងទ័ពចិនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរតំបន់ទីបេ ដែលនៅជាប់ព្រំប្រទល់ជាមួយប្រទេសឥណ្ឌា កាលពីអំឡុងចុងសប្តាហ៍កន្លងទៅនេះ ស្របពេលដែលកម្លាំងយោធានៃប្រទេសទាំងពីរ នៅតែមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ ជុំវិញតំបន់វិវាទ Sikkim។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
ទីក្រុងប៉េកាំង និងទីក្រុងញូដេលីបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក អំពីការឈ្លានពានលើតំបន់ Sikkim ដែលជាចំណុចប្រសព្វនៃប្រទេស ប៊ូតាន ឥណ្ឌា និងតំបន់ទីបេ។ កងទ័ពនៃប្រទេសទាំងពីរនេះបានប្រឈមមុខដាក់គ្នាជាច្រើនលើកច្រើនសា ចាប់តាំងពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅម៉្លេះ។ ប៊ូតានបានអះអាងថា ចិនបានឈ្លានពានទៅលើទឹកដីរបស់ខ្លួន នៅពេលដែលទីក្រុងប៉េកាំង បានចាប់ផ្តើមការសាងសង់ផ្លូវថ្នល់ថ្មីមួយខ្សែ ហើយឥណ្ឌាក៏បានគាំទ្រការចោទប្រកាន់នេះដែរ ខណៈចិនបានប្រកែកថា ការសាងសង់នោះ ត្រូវបានធ្វើឡើងនៅលើទឹកដីរបស់ខ្លួនទៅវិញទេ។
ដោយឡែកសម្រាប់ការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត កាលពីចុងសប្តាហ៍មុននេះ មានការចូលរួមពីកងទ័ពចន្លោះប្រមាណពី ៤,០០០នាក់ ទៅ៧,០០០នាក់។ បច្ចុប្បន្នប្រទេសឥណ្ឌា ហាក់កំពុងសម្តែងរិទ្ធិអំណាចយ៉ាងខ្លាំងចំពោះមុខចិន តាមរយៈការទិញសព្វាវុធថ្មីៗបន្ថែមទៀត មកបំពាក់ឲ្យកងទ័ពរបស់ខ្លួន និងការស្និទ្ធស្នាលកាន់តែខ្លាំងជាងមុនជាមួយអាមេរិក ជាពិសេសគឺសមយុទ្ធយោធា រវាងអាមេរិក ជប៉ុន និងឥណ្ឌា ដែលបានធ្វើឡើងកាលពីសប្តាហ៍មុននេះ ក្នុងន័យកំញើញទីក្រុងប៉េកាំងតែម្តង៕