(អ៊ីរ៉ាក់)៖ ប្រធានទីភ្នាក់ងារប្រយុទ្ធប្រឆាំងភេរវកម្ម នៃកងកម្លាំងឃើដ លោក Lahur Talabany បាននិយាយថា លោកប្រាកដនៅក្នុងចិត្ត ៩៩ភាគរយថា មេដឹកនាំកំពូល ISIS លោក Abu Bakr al-Baghdadi នៅមានជីវិតនៅឡើយ និងកំពុងសម្ងំលាក់ខ្លួននៅភាគខាងត្បូងទីក្រុង Raqqa ប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
កាលពីសប្ដាហ៍មុន ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឱ្យដឹងថា ពួកគេបានទទួលព័ត៌មានថា Abu Bakr al-Baghdadi បានស្លាប់បាត់ជីវិត ខណៈប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងស៊ីរី ក៏បានទទួលស្គាល់ព័ត៌មាននេះដែរ។ ប៉ុន្តែសហរដ្ឋអាមេរិកមិនបានជឿជាក់លើការអះអាងនេះឡើយ។ ដោយឡែកមិនខុសពីទីក្រុងវ៉ាស៊ីនតោន ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅថ្ងៃចន្ទ លោក Lahur Talabany បានគូសបញ្ជាក់យ៉ាងដូច្នេះថា «Baghdadi ពិតជានៅមានជីវិតនៅឡើយ។ ជនរូបនេះមិនទាន់ស្លាប់ទេ ហើយយើងមានព័ត៌មានបង្ហាញថា រូបគេនៅមានជីវិត។ យើងប្រាកដ ៩៩ភាគរយថា មេភេរវកររូបនេះនៅរស់... ម្យ៉ាងវិញទៀតកុំភ្លេចឱ្យសោះ Baghdadi គឺជាឬសគល់របស់ពួកអាល់កៃដា និងបានរត់គេចខ្លួនជាច្រើនដងពីក្រុមមន្ត្រីសន្តិសុខ។ គាត់ដឹងថា តើអ្វីដែលគាត់កំពុងធ្វើ»។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ទើបតែបានទទួលជោគជ័យ ដោយបានវាយដណ្ដើមយកទីក្រុងម៉ូស៊ុលពីពួក ISIS មកវិញ បន្ទាប់ពីពួកវាបានគ្រប់គ្រងអស់រយៈពេលជាង ០៣ឆ្នាំមកនេះ ប៉ុន្តែបើតាម លោក Lahur Talabany គេត្រូវចំណាយពេល ០៣ទៅ០៤ឆ្នាំទៀត ដើម្បីបោសសំអាតពួកភេរវករមួយនេះឲ្យអស់តែម្តង៕