(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលកាតាបាននិយាយនៅដើមសប្តាហ៍ថា ខ្លួនជឿជាក់លើសេចក្ដីរាយការណ៍របស់កាសែត Washington Post ដែលបង្ហាញពីការទទួលខុសត្រូវរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ពាក់ព័ន្ធនឹងការចូល Hack គេហទំព័រទីភ្នាក់ងារសារព័ត៌មានកាតាកាលពីចុងខែឧសភា ដើម្បីបើកផ្លូវឱ្យបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀត ធ្វើសង្រ្គាមការទូតជាមួយទីក្រុងដូហា។ នេះបើតាមការិយាល័យទំនាក់ទំនងរដ្ឋាភិបាលកាតា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
ជុំវិញសេចក្ដីរាយការណ៍នេះដែរ ការិយាល័យទំនាក់ទំនងរដ្ឋាភិបាលកាតា បានកត់សម្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដូច្នេះថា «ព័ត៌មានដែល Washington Post បានចុះផ្សាយ... បានបង្ហាញយ៉ាងច្បាស់ថា អេមីរ៉ាត់អារ៉ាប់រួមមានជាប់ពាក់ព័ន្ធនឹងការចូល Hack គេហទំព័រទីភ្នាក់ងារសារព័ត៌មានរដ្ឋកាតា ហើយផ្អែកលើព័ត៌មាននេះទៀតសោតបទល្មើស Hack នេះពិតជាបានកើតឡើងប្រាកដមែន»។
គួរបញ្ជាក់ថា Washington Post ដោយផ្អែកលើការបញ្ជាក់ពីក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា អេមីរ៉ាត់អារ៉ាប់រួម គឺអ្នករៀបចំគំរោងឱ្យបណ្ដាញទំនាក់ទំនងសង្គម និងគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាលកាតាត្រូវបានគេ Hack កាលពីចុងខែឧសភាកន្លងទៅ ក្នុងចេតនាបង្ហោះសម្រង់សម្ដីខុសរបស់ព្រះមហាក្សត្រកាតា ដែលជាដើមចមបង្កឱ្យបណ្ដាប្រទេសអារ៉ាប់ នាំគ្នាកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា។ ជម្លោះការទូតនេះ កើតឡើងបន្ទាប់ពីព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad al-Thani ត្រូវបានសារព័ត៌មានកាតា ស្រង់សម្ដីចុះផ្សាយកាលពីខែឧសភា ដោយមានខ្លឹមសារគាំទ្រក្រុមហាម៉ាស់ និងថាអ៊ីរ៉ង់ជាប្រទេសអ៊ីស្លាមដ៏ខ្លាំង។
តមកទៀតជាការឆ្លើយតប អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប និងបារ៉ែនបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា កាលពីថ្ងៃទី០៥ ខែមិថុនា សម្រាប់ការគាំទ្រក្រុមភេរវករ បើទោះជាកាតាបដិសេធជាច្រើនដង ព្រមទំាងអះអាងថា សម្រង់សម្ដីនោះគឺជារឿងមិនពិត ត្បិត សារព័ត៌មានខ្លួនត្រូវបានគេ Hack ក៏ដោយ។
យ៉ាងណាក៏ដោយ បើតាមកាសែត Washington Post ក្រុមមន្ត្រីចារកិច្ចអាមេរិក មិនទាន់ប្រាកដនោះទេថា រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួមគឺជាអ្នក Hack ឬក៏ចំណាយប្រាក់ឱ្យអ្នកដទៃ Hack គេហទំព័រសារព័ត៌មានកាតា។ រីឯស្ថានទូតអេមីរ៉ាត់អារ៉ាប់រួមប្រចំាសហរដ្ឋអាមេរិក ក៏បានចេញមុខបដិសេធនឹងសេចក្ដីរាយការណ៍របស់ Washington Post ហើយថា វាគឺរឿងមិនពិត៕