(រុស្ស៊ី)៖ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ធ្ងរ ៧.៨រ៉ិចទ័រ បានវាយប្រហារក្បែរឧបទ្វីប Kamchatka ស្ថិតនៅភាគខាងកើតចុងបំផុតនៃប្រទេសរុស្ស៊ី ហើយបានបង្កជាការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិថែមទៀតផង ក៏ប៉ុន្តែការគំរាមកំហែងដែលបង្កឡើងពីគ្រោះធម្មជាតិនេះ បានកន្លងផុតទៅវិញហើយ។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS និងមជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។
គ្រោះរញ្ជួយផែនដីខាងលើនេះ បានកើតមានឡើងនាវេលាម៉ោង ១១៖៣៤នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់កើតហេតុ) ដែលស្ថិតនៅចម្ងាយប្រមាណ ២០០គីឡូម៉ែត្រពីទីក្រុង Nikolskoye លើកោះ Bering ក្បែរឧបទ្វីប Kamchatka Peninsula។ ដោយឡែកគ្រោះរញ្ជួយដីនេះ មានជម្រៅរាក់ខ្លាំងគឺត្រឹមតែ ១០គីឡូម៉ែត្រក្រោមបាតសមុទ្រប៉ុណ្ណោះ ហើយវាស្ថិតនៅក្បែរតំបន់ដាច់ស្រយាលថែមទៀត ខណៈពុំទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីមនុស្សរងគ្រោះ និងទំហំខូចខាចដោយសារតែគ្រោះរញ្ជួយដីកម្រិតធ្ងន់នេះនៅឡើយទេ។
មន្ទីរឃ្លាំមើលស្ថានការណ៍បន្ទាន់នៃប្រទេសរុស្ស៊ីប្រចាំនៅតំបន់ Kamchatka បានព្រមានថា ទឹករលកកម្ពស់រហូតដល់កន្លះម៉ែត្រ អាចទៅដល់ក្រុង Nikolskoye។ ជាមួយគ្នានេះ មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក នៅមុននេះក៏បានព្រមានផងដែរថា រលកយក្សស៊ូណាមិធំៗដ៏គ្រោះថ្នាក់ អាចនឹងកើតមាននៅតាមបណ្តោយឆ្នេរ ដែលស្ថិតនៅរយៈចម្ងាយ ៣០០គីឡូម៉ែត្រពីចំណុចរំញ័ររបស់គ្រោះរញ្ជួយដីនេះ ក៏ប៉ុន្តែក្រោយមកមជ្ឈមណ្ឌលនេះ ក៏បានគូសបញ្ជាក់វិញថា ដោយយោងតាមការវិភាគទៅលើទិន្នន័យផ្សេងៗដែលពួកគេទទួលបាន ការគំរាមកំហែងនៃរលកយក្សស៊ូណាមិ បង្កឡើងដោយគ្រោះរញ្ជួយផែនដីនេះ បានកន្លងផុតទៅដោយស្ងប់ស្ងាត់វិញហើយ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើពីដំបូងឡើយត្រូវគេរាយការណ៍មានកម្លាំង ៧.៧រ៉ិចទ័រ នៅមុនពេលដែលវាត្រូវបានទម្លាក់ទៅត្រឹម ៧.៤រ៉ិចទ័រ និងចុងក្រោយបំផុតនេះឡើងដល់ ៧.៨រ៉ិចទ័រ ជាកម្រិតដ៏ធ្ងន់ធ្ងរមួយ ដែលជាទូទៅមានសមត្ថភាពបង្កការបំផ្លិចបំផ្លាញ ក្នុងទ្រង់ទ្រាយដ៏ធំខ្លាំងក្លាបាន នៅពេលដែលវាវាយប្រហារចំ ឬមួយក៏ក្បែរកោះនានា៕