(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើសុំទៅកាន់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំយោធាអន្តរកូរ៉េ សំដៅបញ្ឈប់សកម្មភាពអរិភាពដាក់គ្នាទៅវិញទៅមកនៅតាមបណ្ដោយព្រំដែន ប៉ុន្តែកូរ៉េខាងជើង ធ្លាប់បានអះអាងជាច្រើនដងហើយថា កិច្ចសន្ទនាចង់ឱ្យខ្លួនបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ គ្មានផ្លូវកើតឡើងជាដាច់ខាត៕
២៖ រុស្ស៊ីគ្មានជម្រើសអី្វផ្សេងនោះឡើយ ក្រៅតែពីការចាត់វិធានការសងសឹកនឹងសហរដ្ឋអាមេរិក ចំពោះការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការប្រគល់អលចលទ្រព្យការទូតចំនួនពីរកន្លែងរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ដែលស្ថិតក្នុងទីក្រុងញូយ៉ក និងរដ្ឋម៉ារីលែន៕
៣៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកែកមិនព្រមទទួលយកជនជាតិរបស់ខ្លួនចំនួន០៤នាក់ ដែលគ្រោងបញ្ជូនត្រឡប់ពីស៊ីរី មកកាន់ឥណ្ឌូណេស៊ីវិញឡើយ បន្ទាប់ពីពួកគេបានចូលរួម ជាមួយពួក ISIS។ ទីក្រុងហ្សាការតា ថែមទាំងបានបញ្ជាក់ទៀតថា ឲ្យទុកពួកគេនៅប្រទេសស៊ីរីបន្តទៀតចុះ ហើយប្រយុទ្ធដើម្បី ISIS រហូតដល់ស្លាប់នៅទីនោះទៅ៕
៤៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងក្រុមហ៊ុនអកាសចរណ៍ក្នុងស្រុកមួយទៀត គឺ flydubai បានឈានដល់ការឯកភាពគ្នាមួយក្នុងការពង្រីកភាពជាដៃគូពាណិជ្ជកម្មរបស់ខ្លួន ខណៈកំពុងមានវិបត្តិការទូតជាមួយកាតា៕
៥៖ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានរកឃើញឃ្លាំងស្ដុកមួយ ដែលមានមីស៊ីលប្រឆាំងរថក្រោះរបស់សហរដ្ឋអាមេរិកជិត ៣០គ្រាប់ នៅក្នុងខេត្ត Latakia នៅអំឡុងប្រតិបត្តិការបោសសំអាតគ្រាប់មីននៅទីនោះ៕
៦៖ អាជ្ញាធរចិន នៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៨នាក់បានស្លាប់ និង១៨នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះទឹកជំនន់បង្កឡើងដោយ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារមកលើទីក្រុង Jilin ស្ថិតនៅភាគឦសានប្រទេសចិន កាលពីសប្ដាហ៍មុន៕