(ហ្សាការតា)៖ ជារឿងដែលកម្រនឹងកើតមាន ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកែកមិនព្រមទទួលយកជនជាតិរបស់ខ្លួនចំនួន ០៤នាក់ ដែលគ្រោងបញ្ជូនត្រឡប់ពីស៊ីរីមកកាន់ឥណ្ឌូណេស៊ីវិញឡើយ ហើយទីក្រុងហ្សាការតាថែមទាំងបានបញ្ជាក់ទៀតថា ឲ្យទុកពួកគេនៅប្រទេសស៊ីរីបន្តទៀតចុះ ហើយប្រយុទ្ធដើម្បី ISIS រហូតដល់ស្លាប់នៅទីនោះទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
សេចក្តីប្រកាសខាងលើនេះធ្វើឡើងដោយ លោក Ryamizard Ryacudu រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើការស្រាវបំភ្លឺចំពោះព័ត៌មានដែលថា ប្រជាជនឥណ្ឌូណេស៊ីចំនួន ០៤រូប នឹងត្រូវបញ្ជូនត្រឡប់មកវិញ ក្រោយពីពួកគេត្រូវបានចាប់ខ្លួនដោយអាជ្ញាធរស៊ីរី ដោយសារតែការចូលរួមជាមួយបណ្តាញរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនោះ។
លោក Ryamizard Ryacudu បានបញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះថា «ជនជាតិឥណ្ឌូណេស៊ីដែលត្រូវបានចាប់ខ្លួន ត្រូវតែស្នាក់នៅស៊ីរីបន្តទៀតចុះ។ កុំត្រឡប់មកផ្ទះវិញអី! នៅទីនោះបន្តទៀតទៅ ហើយប្រយុទ្ធរហូតដល់ស្លាប់ចុះ»។ គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីក៏ស្ថិតនៅក្នុងចំណោមប្រទេស ដែលទទួលរងការគំរាមកំហែងដោយ ISIS ផងដែរ ទាំងប្រជាជនរងគ្រោះដោយមនោគមន៍វិជ្ជា និងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកជារឿយៗកន្លងមក ជាហេតុនាំឲ្យរដ្ឋាភិបាលព្យាយាមចាត់វិធានការក្តៅជានិច្ច ដើម្បីកម្ចាត់រាល់បណ្តាញក្រុមនេះ ដោយមិនត្រាប្រណីសូម្បីបន្តិចសោះឡើយ៕