(អន្តរជាតិ)៖ ភាពយឺតយ៉ាងក្នុងការបិទព្រំដែនរបស់ខ្លួន និងការបរាជ័យក្នុងការទប់ស្កាត់ការជួញដូរប្រេង របស់រដ្ឋឥស្លាម ធ្វើអោយរដ្ឋឥស្លាមចេញចូលទល់ដែនងាយបំផុត និងបង្កើតបាននូវបណ្តាញទំនាក់ទំនងពាសពេញប្រទេស។
* បណ្តាញរដ្ឋឥស្លាមនៅតួកគី
ការវាយប្រហាររបស់ IS កើនឡើងនៅតួកគី ហើយតួកគីបានពង្រីកកម្លាំងស៊ើបអង្កេតរបស់ខ្លួន កាន់តែខ្លាំងតាមចាប់ជនសង្ស័យពាក់ព័ន្ធនឹង IS។ ក្រសួងមហាផ្ទៃបានប្រកាសកាលពីឆ្នាំ២០១៦ថា តួកគីបានទប់ស្កាត់ការវាយប្រហារខ្នាតធំរបស់ IS ដល់ទៅ ២២ដង ចាប់បានជនសង្ស័យមានទំនាក់ទំនងនឹងរដ្ឋឥស្លាម ១,៣៣៨នាក់ ក្នុងនោះ ៦៩៤នាក់ជាជនបរទេស។
ក្នុងខែកុម្ភៈកន្លងទៅនេះ តួកគីចេញបេសកកម្មគ្របដណ្តប់ខេត្ត ២៩ ក្នុងពេល ០២ថ្ងៃចាប់បានជនសង្ស័យ IS ៨២០នាក់។ ការខិតខំប្រឹងប្រែងរបស់ប្រទេសតួកគី គួរអោយសរសើរ ប៉ុន្តែវាហួសពេលទៅហើយ។ ក្នុងពេលដែលរដ្ឋតួកគីមិនរវល់ពីសកម្មភាពរបស់រដ្ឋឥស្លាមក្នុងប្រទេស ពួកគេបានបង្កើតនូវបណ្តាញការងារក្នុងតួកគី រួចទៅហើយ។ កុំថាតែក្នុងទីក្រុងធំៗសូមបីទីជនបទ ក៏មានសកម្មភាពរបស់ IS ដែរ។
ការកែនមនុស្សអោយចូលរួម IS នៅតែមាន ហើយចំនួននាក់ចូលគាំទ្រ IS មានច្រើនគួរអោយបារម្ភ។ ក្នុងការស្ទង់មតិឆ្នាំ២០១៤មួយ ធ្វើដោយវិទ្យាស្ថានស្រាវជ្រាវ របស់តួកគីបានអោយដឹងថា មនុស្សស្ទើរតែ២%នៅតួកគី ស្គាល់នរណាម្នាក់ដែលជា IS ។ ប្រជាជនសរុបក្នុងប្រទេសនេះគឺ ៨០លាននាក់ មានន័យថា មនុស្ស ១,៦លាននាក់ស្គាល់នរណាម្នាក់ជាពួក IS ។ ប្រសិនបើមនុស្សតែ១% មានសមានចិត្តនឹង IS មានន័យថា ១៦,០០០ នាក់ចូលរួមជាមួយពួក IS។
បើនិយាយពីភូមិសាស្រ្តវិញពួក IS មានសឹងគ្រប់ទិសទី ដែលបង្កដល់ភាពងាយស្រួលក្នុង បំលាស់ទីជាទីបំផុត។ ក្នងុចំណោមខេត្តទាំង៤របស់តួកគីដែលជាប់ព្រំដែននឹងស៊ីរី មាន៣ខេត្តបាត់ទៅហើយ ដែលជាប់នឹងដែនដីដែល IS គ្រប់គ្រង ខេត្តតែមួយដែល IS មិនទាន់គ្រប់គ្រងត្រូវបានកាន់កាប់ដោយពួកជីហាដ។ ក្នុងរបាយការណ៍ប៉ូលិសសំងាត់មួយ ដែលទម្លាយក្នុងឆ្នាំ២០១៥ បានបង្ហាញថា ក្រុម IS នេះមានបណ្តាញក្នុងខេត្ត ៧០ ក្នុងចំណោមខេត្ត ៨១ របស់ប្រទេសតួកគី។
ការសួរចម្លើយ IS ដែលចាប់ខ្លួនបាន បានអោយដឹងថា បណ្តាញ IS មានទូទាំងប្រទេសក្នុងនោះ បណ្តាញមួយឈ្មោះ អាដីយ៉ាមេន (Adiyaman) បង្កើតឡើងក្នុងឆ្នាំ ២០១៣ មានភាពសកម្ម ជាងគេ ដោយបានធ្វើការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនដង។ ជនល្មើសបួនរូបដែល ជាជនសង្ស័យពាក់ព័ន្ធនឹងការធ្វើអត្តឃាតបំផ្ទុះគ្រាប់បែក សុទ្ធសឹងជាសមាជិករបស់ Adiyaman ដែលដឹកនាំដោយបុរសម្នាក់ឈ្មោះ ម៉ាស្តាហ្វា ដូគូម៉ាស៊ី (Mustafa Dokumaci)។
ក្រៅពីបណ្តាញ Adiyaman មានបណ្តាញ IS មួយទៀតដែលធំគួរអោយកត់សម្គាល់ដែរ គឺ បីងហ្គោល (Bingol) ស្ថិតនៅកន្លែងដែលមានជនជាតិឃើដនៅច្រើន ជាកន្លែងប្រវតិ្តសាស្រ្តរបស់អ៊ីស្លាម។ កន្លែងមួយចំនួនទៀតដែលជាតំបន់ក្រហមមានបណ្តាញ IS ធំៗ មាននៅ ទីក្រុងអ៊ីស្តង់ប៊ុល អ៊ីសមៀរ កុងយ៉ា និង កាស្សានទិប។ បណ្តាញទាំងនេះបង្កើតឡើងបាន ដោយសារបរាជ័យរបស់រដ្ឋាភិបាល។ បណ្តាញទាំងនេះ ជាប្រភពកែនមនុស្សអោយចូលរួមជាអ្នកវាយប្រហាររបស់ IS។
គ្រួសារជាច្រើនបានទៅប្តឹងសូមជំនួយពីប៉ូលិស ព្រោះគេដឹងថា សាច់ញាតិបងប្អូនប្រុស ឬកូនប្រុសរបស់ពួកគេ ត្រូវបានអូសទាញដោយ IS ដែលបន្លំបើកទៀមតែនៅ Adiyaman។ ពាក្យបន្តឹងដដែលៗ ត្រូវបានបញ្ជូនទៅ ប៉ូលីសក្នុងឆ្នាំ ២០១៤ តែដល់ចុងឆ្នាំទើបប៉ូលិសសម្រេចបិទទៀមតែមួយនេះ។ ឯកសារសំងាត់ មួយដែលត្រួវបានទម្លាយដោយ Jane’s Intelligence Weekly ក្នុងឆ្នាំ២០១៥ បានអោយដឹងថា មានបណ្តុំ IS ៣,០០០កន្លែងនៅក្នុងប្រទេសតួកគី ប៉ុន្តែចំនួន IS ដែលចាប់បានមានតិចបំផុត។
មានតែ ១២៧នាក់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៤ និង ដើមឆ្នាំ២០១៥។ ចំនួនបានកើនឡើងគួរអោយកត់សំគាល់ ក្នុងខែកក្កដា ២០១៥ ក្រោយការវាយប្រហារនៅរដ្ឋស៊ូរីក ចាប់បាន ៤០០នាក់ និងចុងឆ្នាំ២០១៤ បាន ១,៣០០នាក់ទៀត។ តែចំនួននេះគ្រាន់តែជាការបំភ័ន្តភ្នែកប៉ុណ្ណោះ។ អ្នកដែលចាប់បានត្រូវគេព្រលែងវិញដដែល។ ខណៈពេលដែលតួកគីអួតថា ខ្លួនចាប់បានជនសង្ស័យ IS ដល់ទៅ ១,៣៣៨នាក់ ក្នុងឆ្នាំ២០១៦ ចំនួនអ្នកឃុំខ្លួនមានតែ ០៧នាក់ប៉ុណ្ណោះ។
បញ្ហាចំបងគឺលក្ខខណ្ឌក្នុងការចាប់ខ្លួនមានច្រើនលើសកំរិត ទោះបីពួកគេជាអ្នកត្រលប់ពីការវាយប្រហារអោយ IS នៅអ៊ីរ៉ាក់ និងស៊ីរីក៏ដោយ ទាល់តែមានភស្តុតាងថា បុគ្គលនោះមានទំនាក់ទំនងផ្ទាល់នឹងដំណើរការរបស់ IS ទើបប៉ូលីសចាប់ខ្លួន។ អតីត IS ម្នាក់ត្រូវបានកាសែត Birgun សំភាសន៍ថា ខ្លួនរស់នៅដោយមានសេរីភាព ក្នុងក្រុងអង់ការ៉ា។ ម្នាក់ទៀតដែលជាឃាតករ ចាប់បានរូបភាពលើកាមេរ៉ាត្រូវបានគេបន្ថយទោស ដោយសារគាត់មានឥរិយាបថល្អ។ ចំណែកអ្នកដែលបានវាយប្រហារប្រទេសតួកគីវិញ មិនត្រូវបានកាត់ទោស អោយសាកសម ឬ ទាន់ពេលឡើយ។
អ្នកវាយប្រហារនៅរដ្ឋអាណាតូលី ក្នុងឆ្នាំ២០១៤ ទើបហ្នឹងត្រូវបានកាត់ទោសឆ្នាំ ២០១៦។ ជនសង្ស័យខ្លះត្រូវបានចាប់ខ្លួន និងព្រលែងទៅវិញជាច្រើនដង ដូចជារឿងក្តីរបស់ Ilyas Mamasharipov ដែលបញ្ជាអោយមានការបាញ់ប្រហារ នៅក្នុងក្លឹបមួយនៅទីក្រុងអ៊ីស្តង់បូល។ ក្រោយការចាប់ខ្លួនសារភាពកំហុស និងនិរទេសដោយប្រទេសតួកគី ក្រោយមកទៀតត្រូវប្រទេសដោះលែងខ្លួនដដែល។ ចំណែកករណីមួយទៀត Hasan Aydin ត្រូវបានគេចាប់ដោយគាត់បានដុតទាហានតួកគី០២នាក់ទាំងរស់ ក្នុងឆ្នាំ២០១២ ហើយត្រូវបានតួកគីចាប់ម្តងទៀតក្នុងឆ្នាំ២០១៥ ពេលដែលគាត់ចង់ឆ្លងព្រំដែនទៅស៊ីរី។
អ្នកគាំទ្រ IS ម្នាក់គឺ Hails Bayancuk ត្រូវបានចាប់ខ្លួនម្តងក្នុងឆ្នាំ ២០០៨ ពីបទរៀប គម្រោងការ វាយប្រហារទីក្រុងអ៊ីស្តង់បូល ត្រូវបានគេចាប់ខ្លួន០២ដងទៀតដោយ មានពាក់ព័ន្ធនឹង IS។ គាត់ជា បុគ្គលម្នាក់ក្នុងចំណោម ៩៦ នាក់ដែលរដ្ឋាភិបាលត្រៀមនឹងកាត់ក្តី ហើយទាំង ៩៦នាក់នេះត្រូវបាន រដ្ឋដោះលែងដូចគ្នា។ រដ្ឋតួកគីមិនបានដាក់ទោស IS អោយធ្ងន់ធ្ងរឡើយ បើធៀបនឹងការដាក់ទោស លើជនជាតិឃើដ និងអ្នកប្រឆាំងដទៃទៀត នៅតួកគីដែលត្រូវបានចាប់ខ្លួនដោយគ្មានភស្តុតាង ឬ ហេតុផលច្បាស់លាស់។ សូមរង់ចាំអានភាគបន្ត នៅថ្ងៃស្អែក៕ ប្រែសម្រួល៖ វែបសាយបរទេស