(ឌូបៃ)៖ វាជាឱកាសល្អណាស់សម្រាប់អាកាសចរណ៍ដ៏ធំបំផុតគឺ Emirates Airline ប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងអកាសចរណ៍ក្នុងស្រុកមួយទៀត គឺ flydubai នៅក្នុងការពង្រីកភាពដៃគូពាណិជ្ជកម្មរបស់ខ្លួន ខណៈអាកាសចរណ៍កាតារបស់ប្រទេសកាតា កំពុងតែជួបប្រទះនូវវិបត្តិ ដោយសារតែការកៀបសង្កត់របស់បណ្តារដ្ឋអារ៉ាប់ឈូងសមុទ្រមួយចំនួន ដោយក្នុងនោះរួមមានទាំងអេមីរ៉ាត់អារ៉ាប់រួមផងដែរនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
ការពង្រីកវិសាលភាពរបស់អាកាសចរណ៍ អេមីរ៉ាត់អារ៉ាប់រួមទាំងពីរខាងលើនេះ គឺផ្តោតសំខាន់បំផុតទៅលើការធានាប្រព័ន្ធសុវត្ថិភាព និងការបម្រើសេវាដល់អតិថិជនឲ្យបានកាន់តែប្រសើរជាងមុន។ ក្រុមហ៊ុនទាំងពីរសន្យា នឹងតភ្ជាប់បណ្តាញរវាងគ្នា នៅក្នុងប្រតិបត្តិការហោះហើរ ដើម្បីធ្វើឲ្យមានការរីកចំរើនទៅមុខនៃផ្នែកពាណិជ្ជកម្ម។ បន្ថែមពីនេះទៀត អាកាសចរណ៍ទាំងពីរក៏បានសន្យាថា នឹងធ្វើការអភិវឌ្ឍបន្ថែមនូវព្រលានយន្តហោះអន្តរជាតិ Dubai ឬក៏គ្រប់គ្នាស្គាល់ថា DXB ដើម្បីផ្តល់ជូនអតិថិជននូវការធ្វើដំណើរ និងឆ្លងកាត់ប្រកបដោយក្តីចងចាំ មិនអាចបំភ្លេចបាន ចំពោះសេវាកម្មនានាដែលអេមីរ៉ាត់អារ៉ាប់រួមផ្តល់ជូនផងដែរ។
គួរបញ្ជាក់ថា គិតចាប់ពីបំណាច់ខែមីនា ឆ្នាំ២០១៦ ដល់បំណាច់ខែមីនា ឆ្នាំ២០១៧ អាកាសចរណ៍អេមីរ៉ាត់ បានទទួលប្រាក់ចំណេញ ៣៤០លានដុល្លារអាមេរិក ធ្លាក់ចុះ ៨២.៨ភាគរយពីឆ្នាំមុន ដែលខ្លួនបានចំណេញ រហូតដល់ទៅ ១.៩៣ពាន់លានដុល្លារឯណោះ ក៏ព្រោះតែការកើនឡើងតម្លៃនៃប្រាក់ដុល្លារអាមេរិក។ អេមីរ៉ាត់មានយន្តហោះ ២៥៩គ្រឿង ធ្វើប្រតិបត្តិការទៅលើ ១៥៧គោលដៅ ខណៈអាកាសចរណ៍ Flydubai មានយន្តហោះ ៥៨គ្រឿងប្រភេទ Boeing 737 ធ្វើប្រតិបត្តិការលើ ៩៥គោលដៅ៕