(អាមេរិក)៖ ផ្ទុយពីការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា លោកនឹងបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការរុករកនៅទីអវកាសនោះ អង្គការ NASA ទើបតែបានបង្ហើបឲ្យដឹងថា ពួកគេមិនបានទទួលការឧបត្ថម្ភឲ្យបានធំដុំអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BABW News នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
ប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាថា រូបលោកនឹងបើកទំព័រប្រវត្តិសាស្រ្តថ្មីដ៏អស្ចារ្យសម្រាប់អង្គការ NASA ហើយអនុប្រធានាធិបតី ម៉ៃ ភែន ទើបតែកាលពីប៉ុន្មានថ្ងៃមុននេះបានលើកឡើងថា កញ្ចប់ថវិកាថ្មីនឹងជួយសម្រេចគោលដៅនេះ។ ក៏ប៉ុន្តែមន្រ្តីជាន់ខ្ពស់មួយរូបរបស់ទីភ្នាក់ងារអវកាសអាមេរិកនេះ ទើបតែបានសារភាពថា កូនសោដ៏សំខាន់នៃចក្ខុវិស័យរបស់ NASA ដែលជាការបញ្ជូនក្រុមអវកាសយានិកទៅកាន់ភពអង្គារ (Mars) នៅប៉ុន្មានទសវត្សរ៍ខាងមុខនោះ មិនបានទទួលការឧបត្ថម្ភជាដុំកំភួនអ្វីច្រើននោះឡើយ។
លោក William H. Gerstenmaier ប្រធានបេសកកម្មបញ្ជូនមនុស្សធ្វើដំណើរនៅទីអវកាសរបស់ NASA បានសារភាពកាលពីពេលថ្មីៗនេះថា មូលហេតុដែលទីភ្នាក់ងារអវកាស NASA មិនអាចកំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់ សម្រាប់បេសកកម្មទៅកាន់ភពព្រះអង្គារនោះ គឺដោយសារតែពួកគេពុំដឹងថា នៅពេលណាពួកគេនឹងទទួលថវិកាឧបត្ថម្ភ ឬមួយក៏នឹងមានឱកាសទទួលវា នៅពេលអនាគតខាងមុខដែរ ឬយ៉ាងណានោះឡើយ។
កាលពីពេលថ្មីៗនេះ ប្រធានផ្នែកមួយរបស់ NASA បានសារភាពថា អង្គការនេះពុំមានលទ្ធភាព នៅក្នុងការនាំមនុស្សទៅភពអង្គារ ដូចគំរោងនៅឆ្នាំ២០៣០ នោះឡើយ ដោយសារតែការខ្វះខាតហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលប្រការនេះ បាននាំឲ្យអ្នកគាំទ្រវិស័យបច្ចេកវិទ្យាអវកាសខកចិត្តឥតឧបមា។ ប៉ុន្តែក្រុមហ៊ុនឯកជនមួយចំនួន បានអំពាវនាវឲ្យ NASA ធ្វើកិច្ចសហការបន្ថែមជាមួយវិស័យឯកជន ដូចជាអ្វីដែលកំពុងធ្វើជាមួយ SpaceX ដើម្បីអនុញ្ញាតឲ្យដំណើរការទៅភពអង្គារ ធ្វើឡើងទៅតាមគំរោង ឬក៏អាចលឿនជាងការគ្រោងទុកក៏ថាបាន៕