(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានស្នើសុំទៅកាន់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំយោធាអន្តរកូរ៉េ សំដៅបញ្ឈប់សកម្មភាពអរិភាពដាក់គ្នាទៅវិញទៅមក នៅ នៅតាមបណ្ដោយព្រំដែន ហើយដែលសំណើនេះធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បញ្ចេញប្រតិកម្មវិជ្ជមាន ចំពោះសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ នេះបើតាមក្រសួងការពារជាតិ កូរ៉េខាងត្បូងដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមក្រសួងការពារជាតិ ទីក្រុងសេអ៊ូលចង់រៀបចំជំនួបពិភាក្សា នៅថ្ងៃសុក្រសប្ដាហ៍នេះ នៅឯភូមិ Tongilgak ស្ថិតនៅក្នុងភូមិ Panmunjom នៃតំបន់ព្រំដែនកូរ៉េខាងជើង។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបញ្ឈប់រាល់សកម្មភាពអរិភាព នៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ឱកាសត្រៀមប្រារព្ធខួបនៃកិច្ចព្រមព្រៀង លើបទឈប់បាញ់ក្នុងសង្រ្គាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ដែលនឹង ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ។ ទោះបីយ៉ាងណា ក្រសួងការពារជាតិ មិនបានបញ្ជាក់ពីរបៀបវារៈនៃកិច្ចប្រជុំនេះទេ ខណៈកូរ៉េខាងជើងបានអះអាងជាច្រើនដងថា ការរៀបចំកិច្ចពិភាក្សាក្នុងគោលដៅឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ គឺជារឿងមិនអាចកើតឡើងជាដាច់ខាត។
គួររំលឹកថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង របស់អាល្លឺម៉ង់ កាលពីថ្ងៃទី០៦ ខែកក្កដា បានស្នើសុំឱ្យមានការបញ្ឈប់ការធ្វើសកម្មភាពអរិភាពដាក់គ្នាទៅវិញទៅមក ហើយមិនតែប៉ុណ្ណោះលោក ក៏បានលើកឡើងផងដែរពីគំរោងរៀបចំពិធីជួបប្រជុំ រវាងគ្រួសារកូរ៉េទាំងពីរ ដែលបានព្រាត់ប្រាស់គ្នានៅសម័យសង្រ្គាម។ ចំណែកឯកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន តាមរយៈសារព័ត៌មានរដ្ឋ Rodong Sinmun ក៏បានអះអាងដែរថា ដំណោះស្រាយលើស្ថានភាពប្រឈមមុខដាក់គ្នាទាំងនយោបាយ និងយោធានៅឧបទី្វបកូរ៉េ គួរតែកា្លយជាដំណាក់កាលដំបូង នៃការធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទំាងពីរ៕