(បរទេស)៖ ស្របពេលដែលបានធ្វើទៅទស្សនកិច្ច នៅទីតាំងធ្វើសមយុទ្ធយោធារបស់អង្គការ NATO និងប្រទេសជាដៃគូមួយចំនួនទៀតនៅក្នុងប្រទេស ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បានថ្លែងថា កងកម្លាំង NATO មានសមត្ថភាពអាចធ្វើឲ្យរុស្ស៊ីមានការញញើតកោតក្រែងបាន ហើយពួកគេបានធ្វើយ៉ាងដូច្នោះរួចទៅហើយ តាមរយៈការធ្វើសមយុទ្ធយោធាទាំងនេះ នៅអឺរ៉ុបខាងកើត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Iohannis បាននិយាយថា ការធ្វើសមយុទ្ធយោធាទាំងនេះ គឺជាភស្តុតាងជាក់ស្តែងនៃធាតុពិតដែលថា កងទ័ពរបស់យើងមិនត្រឹមតែអាចនិយាយទាក់ទងគ្នាប៉ុណ្ណោះទេ តែពួកគេថែមទាំងអាចប្រកៀកស្មាគីគ្នាប្រយុទ្ធនៅសមរភូមិ ប្រកបដោយប្រសិទ្ធភាពទៀតផង នៅក្នុងករណីដែលចាំបាច់។ ជាងនេះទៅទៀត នៅពេលត្រូវបានចោទជាសំណួរថា តើកងកម្លាំងរបស់អង្គការ NATO នឹងអាចទប់ទល់ ក៏ដូចជាធ្វើឲ្យរុស្ស៊ីមានការញញើតក្រោតក្រែងបានដែរ ឬក៏អត់នោះ លោកប្រធានាធិបតីរ៉ូម៉ានី បានឆ្លើយតបទៅវិញថា «ប្រាកដណាស់ពួកគេអាចធ្វើបាន... ខ្ញុំយល់ថា ពួកគេពិតជាមានសមត្ថភាពយ៉ាងដូច្នោះ»។
គួរបញ្ជាក់ថា ខណៈពេលនេះកងទ័ពប្រហែល ៥,០០០នាក់មកពី NATO និងប្រទេសជាដៃគូដទៃទៀត រួមមានអ៊ុយក្រែន និងអាមេនី កំពុងតែចូលរួមធ្វើសមយុទ្ធនៅក្នុងប្រទេសរ៉ូម៉ានី ហើយវាក៏មានការហាត់សមប្រើប្រាស់រថក្រោះ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជាង ៦៥០គ្រឿងផងដែរ។ សមយុទ្ធយោធានៅរ៉ូម៉ានីនេះ គឺជាផ្នែកមួយនៃសមយុទ្ធយោធាទ្រង់ទ្រាយដ៏ធំមួយមានឈ្មោះថា «Saber Guardian» ដែលដឹកនាំដោយកងទ័ពអាមេរិកនៅអឺរ៉ុប និងគ្រោងបញ្ចប់ទៅនាថ្ងៃទី២០ ខែកក្កដា ហើយវាក៏កំពុងតែប្រព្រឹត្តទៅនៅក្នុងប្រទេសហុងគ្រី និងប៊ុលហ្គារីដូចគ្នា ជាមួយការចូលរួមពីពលទាហានសរុបចំនួន ២៥,០០០នាក់ មកពីសមាជិក NATA ជាង ២០ប្រទេស និងដៃគូមួយចំនួនទៀត៕