(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៨នាក់បានស្លាប់ និង១៨នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារមកលើទីក្រុង Jilin ស្ថិតនៅភាគឦសានប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរឧតុនិយមចិន ភ្លៀងបានធ្លាក់យ៉ាងសន្ធាប់ នៅតំបន់ភាគកណ្ដាល និងផ្នែកខ្លះនៃភាគខាងកើតទីក្រុង Jilin កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍មុន ដោយបង្កឱ្យតំបន់ជាច្រើនត្រូវជន់លិច ហើយក្នុងនោះទីក្រុង Jilin បានរងគ្រោះធ្ងន់ធ្ងរជាងគេ ក៏ដូចជាបង្ខំឱ្យអាជ្ញាធរ ជម្លៀសប្រជាជនច្រើនជាង ១១០,០០០នាក់ ទៅកាន់ទីទទួលមានសុវត្ថិភាព។ ក៏ប៉ុន្តែមកពេលនេះ ពុំទាន់មានការវាយតម្លៃពីទំហំខូចខាតនៅឡើយទេ ខណៈក្រុមអ្នកជួយសង្រ្គោះ និងអ្នកស្វែងរក ៣២,៣៦០នាក់ កំពុងបំពេញការងាររបស់ពួកគេ ដើម្បីជួសជុលស្ពាន តភ្ជាប់បណ្ដាញទូរគមនាគមន៍ និងអគ្គិសនីឡើងវិញជាដើម៕