(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានចោទប្រកាន់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ាថា បានគាំទ្រពួកភេរវករហើយដែល ការលើកឡើងបែបនេះ ធ្វើនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ CNN ជុំវិញគោលនយោបាយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឆាំងនឹងគោលនយោបាយអ៊ីរ៉ង់ នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ CNN លោក Zarif បានកត់សម្គាល់ថា គោលជំហរប្រឆាំងអ៊ីរ៉ង់របស់លោក ត្រាំ រួមទាំងការចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់គាំទ្រពួកភេរវករគឺជានយោបាយមិនត្រឹមត្រូវ និងមានចេតនាអាក្រក់ ពោលគឺក្នុងន័យនេះលោកចង់មានន័យថា ទីក្រុងវ៉ាស៊ីនតោន គួរតែមើលអ្នកនៅជុំវិញខ្លួនឯងជាមុនសិន មុននឹងដើរចោទគេឯងថា ជាអ្នកគាំទ្រពួកភេរវករនោះ។
លោក Zarif បានគូសបញ្ជាក់ដូច្នេះថា «យើងដឹងថាពួកភេរវករមកពីទីណា។ យើងដឹងថា អ្នកដែលវាយប្រហារភេរវកម្មលើអគារ World Trade Center (កាលពីឆ្នាំ២០០១) នោះគឺជាពលរដ្ឋមកពីបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ ...ហើយខ្ញុំអាចប្រាប់អ្នកថា គ្មានមនុស្សណាម្នាក់មកពីអ៊ីរ៉ង់ ចូលរួមក្នុងអំពើភេរវកម្មនេះទេ។ មើលពួក ISIS, Al Nusra Al Qaeda ពួកអង្គការភេរវករទំាងនេះ គ្មានទំនាក់ទំនងអ្វីជាមួយអ៊ីរ៉ង់ទាល់តែសោះ ប៉ុន្តែពួកគេបានទទួលមនោគមន៍វិជ្ជា និងជំនួយជាហរិញ្ញវត្ថុ ឬក៏អាវុធពីបណ្ដាប្រទេសមួយចំនួនដែល ហៅខ្លួនឯងថា ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា បើទោះជាមិនបានលើកចំឈ្មោះ ប៉ុន្តែសម្ព័ន្ធមិត្តអាមេរិក ដែលលោក Mohammad Javad Zarif ចង់និយាយនោះគឺសំដៅទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ត្បិតបើតាមទីភ្នាក់ងារចារកិច្ចអាមេរិក ក្នុងចំណោមភេរវករទំាង ១៩នាក់ ដែលបានប្លន់យន្ដហោះ និងបើកបំបុកអគារពាណិជ្ជកម្មពិភពលោក World Trade Center កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មាន១៥នាក់ជាពលរដ្ឋអារ៉ាប៊ីសាអូឌីត, ០២នាក់មកពីអេមីរ៉ាត់អារ៉ាប់រួម និងអ្នកនៅសល់គឺជាពលរដ្ឋមកពីអេហ្ស៊ីប និងលីបង់។ ទោះបីជាយ៉ាងណា បណ្ដាប្រទេសទំាងនេះ បានដិសេធយ៉ាងដាច់អហង្ការ រាល់ការចោទប្រកាន់ថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម៕