(តូក្យូ)៖ ការស្ទង់មតិមួយធ្វើឡើងដោយ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានបង្ហាញឲ្យឃើញថា ការគាំទ្រពីសាធារណៈជន ចំពោះរដ្ឋាភិបាលលោក ស៊ីនហ្សូ អាបេ បានធ្លាក់ចុះទាបមិនធ្លាប់ជួបប្រទះនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមការស្ទាបស្ទង់មតិខាងលើ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ការគាំទ្រសាធារណៈចំពោះរដ្ឋាភិបាលជប៉ុន ដែលមាននាយករដ្ឋមន្រ្តី លោក ស៊ីនហ្ស អាបេ បានធ្លាក់នៅត្រឹម ៣៥.៨ភាគរយ បន្ទាប់ពីបានដាំក្បាលចុះជាបន្តបន្ទាប់ ក្នុងអំឡុងពេលមួយខែកន្លងទៅនេះ។ តាមប្រភពដដែលបានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ កម្រិតប្រជាប្រិយភាពនៃរដ្ឋាភិបាលជប៉ុន បានថយចុះ ៩.១ភាគរយ ដែលវាគឺជាកម្រិតធ្លាក់ចុះដ៏ខ្លាំងបំផុតមួយ នៃការគាំទ្រពីសាធារណៈជន ចំពោះរដ្ឋាភិបាល លោក អាបេ ចាប់តាំងពីបានឡើងកាន់អំណាចកាលពីឆ្នាំ២០១២មក។
គួរបញ្ជាក់ថា មូលហេតុមួយនៅការធ្លាក់ចុះការគាំទ្រនេះ គឺរឿងអាស្រូវដ៏ចម្រូងចម្រាស ជុំវិញមិត្តភក្តិរបស់ លោក អាបេ ដែលបក្សប្រឆាំងបានអះអាងថា បានទទួលការជួយជ្រោមជ្រែងពិសេសពីលោកនាយករដ្ឋមន្រ្តី ក្នុងការបើកដំណើរការនាយកដ្ឋានមួយ នៅឯសាកលវិទ្យាល័យ Okayama ខណៈរដ្ឋាភិបាលជប៉ុនបានចេញមុខបដិសេធ ចំពោះការចោទប្រកាន់នេះ៕