(ម៉ូស៊ុល)៖ រថយន្តសម្រាប់ការប្រយុទ្ធគ្នារាប់សិបគ្រឿង ដែលត្រូវបានកែច្នៃដោយក្រុមភេរវករ ISIS ចេញពីរថយន្តធម្មតាៗនោះ ត្រូវរឹបអូសបានដោយកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ហើយកំពុងដាក់តាំងបង្ហាញឲ្យគ្រប់គ្នាបានឃើញ នៅក្នុងទីក្រុងម៉ូស៊ុល មុនពេលដែលពួកវានឹងត្រូវបានកម្ទេចចោល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
កងទ័ព និងប៉ូលិសនៃប្រទេសអ៊ីរ៉ាក់បានរកឃើញ និងរឹបអូសរថយន្តសម្រាប់ការប្រយុទ្ធជាច្រើនគ្រឿង ដែលត្រូវបានប្រើប្រាស់ដោយក្រុមរដ្ឋអ៊ីស្លាម ISIS ក្នុងអំឡុងនៃការកាប់កាន់របស់ខ្លួនលើទីក្រុងម៉ូស៊ុល ខណៈទីក្រុងដ៏ធំទីពីររបស់អ៊ីរ៉ាក់នេះ ត្រូវរដ្ឋាភិបាលអ៊ីរ៉ាក់វាយរំដោះបានទាំងស្រុង ពីកណ្តាប់ដៃរបស់ក្រុមភេរវករនេះ កាលពីប៉ុន្មានថ្ងៃមុន។
គួរបញ្ជាក់ថា កងកម្លាំងអ៊ីរ៉ាក់បានបង្កើតជាការតាំងបង្ហាញមួយ នៃរថយន្តពាសដែកកែច្នៃទាំងអស់នេះ ដែលមនុស្សមួយចំនួនបានយល់ឃើញថា ស្រដៀងទៅនឹងរថយន្តនៅក្នុងខ្សែភាពយន្តហូលីវូដ Mad Max អ៊ីចឹង។ ដោយឡែកបន្ទាប់ពីនេះរថយន្តសរុបទាំង ២៣គ្រឿង នឹងត្រូវបំផ្លាញចោល៕