(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួម គឺអ្នករៀបចំគំរោងឱ្យបណ្ដាញទំនាក់ទំនងសង្គម និងគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាលកាតា ត្រូវបានគេ Hack កាលពីចុងខែឧសភាកន្លងទៅ ដើម្បីបង្ហោះសម្រង់សម្ដីខុសរបស់ព្រះមហាក្សត្រកាតា ដែលជាដើមចមបង្កឱ្យបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀត នាំគ្នាកាត់ផ្ដាច់នាក់ទំនងការទូតជាមួយកាតា។ នេះបើតាមក្រុមមន្ត្រីចារកិច្ចអាមេរិក ដកស្រង់ដោយសារព័ត៌មាន Washington Post នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
ជម្លោះការទូតនៅអារ៉ាប់ កើតឡើងបន្ទាប់ពីព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad al-Thani ត្រូវបានសារព័ត៌មានកាតាស្រង់សម្ដីចុះផ្សាយកាលពីខែឧសភា ដោយមានខ្លឹមសារគាំទ្រក្រុមហាម៉ាស់ និងថាអ៊ីរ៉ង់ជាប្រទេសអ៊ីស្លាមដ៏ខ្លាំងក្លា។ ជាការឆ្លើយតប អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប និងបារ៉ែន បានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា កាលពីថ្ងៃទី០៥ ខែមិថុនា ដោយចោទប្រកាន់ទីក្រុងដូហាថា បានគាំទ្រក្រុមភេរវករ បើទោះជាកាតាបដិសេធជាច្រើនដង ព្រមទំាងអះអាងថា សម្រង់សម្ដីនោះជារឿងមិនពិត ត្បិតសារព័ត៌មានខ្លួនត្រូវបានគេ Hack ក៏ដោយ។
ដោយឡែកបើតាម Washington ក្រុមមន្ត្រីចារកិច្ចអាមេរិក បានពិនិត្យលើការវិភាគលើព័ត៌មានថ្មីមួយចំនួន បង្ហាញថា មន្ត្រីជាន់ខ្ពស់អេមីរ៉ាត់អារ៉ាប់រួម បានពិភាក្សាពីគំរោង Hack កាលពីថ្ងៃទី២៣ ខែឧសភា។ ទោះបីយ៉ាងណា ក្រុមមន្ត្រីចារកិច្ចអាមេរិកមិនប្រាកដនោះទេថា រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួម គឺជាអ្នក Hack ឬក៏ចំណាយប្រាក់ឱ្យ អ្នកដទៃ Hack គេហទំព័រសារព័ត៌មានកាតា ខណៈ Washington Post ក៏មិនបានបញ្ជាក់អត្តសញ្ញាណក្រុមមន្រ្តីអាមេរិកទាំងនេះឡើយ រីឯស្ថានទូតអេមីរ៉ាត់អារ៉ាប់រួមប្រចំាសហរដ្ឋអាមេរិក បានចេញមុខបដិសេធនឹងសេចក្ដីរាយការណ៍របស់ Washington Post ហើយថាវាគឺរឿងមិនពិត។
គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះដែរតែគេដឹងថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI កំពុងធ្វើការងារជាមួយដូហា ដើម្បីបញ្ជាក់ពីការចូល Hack គេហទំព័រព័ត៌មានកាតា៕