(ប៉ារីស)៖ បន្ទាប់ពីការជួបពិភាក្សាគ្នារវាងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង និងលោក ដូណាល់ ត្រាំ លោកប្រធានាធិបតីបារាំងបានអះអាងថា លោកប្រធានាធិបតីអាមេរិកប្រហែលជាអាចនឹងផ្លាស់ប្តូរចិត្តវិញ ចំពោះការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុអន្តរជាតិទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានបារាំង Le Journal du Dimanche មេដឹកនាំប្រទេសបារាំង លោក ម៉ាក្រុង ក្រោយពីបានជួបពិភាក្សាគ្នាជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកប្រធានាធិបតីអាមេរិករូបនេះ ទំនងជាអាចកែប្រែចិត្តចេញពីសេចក្តីប្រកាសរបស់លោកកាលពីជាងមួយខែមុន ដែលថារូបលោកនឹងដកប្រទេសរបស់លោក ចេញពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ដែលត្រូវសម្រេចបានកាលពីឆ្នាំ២០១៥នេះ។
លោកប្រធានាធិបតីបារាំងបានគូសបញ្ជាក់ថា «លោក ដូណាល់ ត្រាំ បានប្រាប់ខ្ញុំថា លោកនឹងព្យាយាមស្វែងរកដំណោះមួយ ជុំវិញបញ្ហានេះនៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខ។ យើងក៏បានពិភាក្សាគ្នាដោយលម្អិត ពាក់ព័ន្ធនឹងរឿងជាច្រើន ដែលអាចធ្វើឲ្យលោក ត្រាំ វិលត្រឡប់មកកាន់កិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុងប៉ារីសនេះវិញផងដែរ»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើត្រូវបានសម្រេចបានកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដោយប្រទេសចំនួន ១៩៦ ជុំវិញពិភពលោក។ គោលដៅរបស់វា គឺព្យាយាមធ្វើយ៉ាងកំណត់ឲ្យការកើនឡើងកម្តៅ នៅក្នុងពិភពលោកខ្ពស់បំផុតត្រឹម ០២អង្សាសេនៅឆ្នាំ២១០០ តាមរយៈការរួមគ្នាប្តេជ្ញាយ៉ាងមុតមាំ ដើម្បីកាត់បន្ថយការប្រើប្រាស់កាបូនឌីអុកស៊ីត និងឧស្ម័នដទៃទៀតៗ ដែលកើតឡើងពីការបញ្ឆេះប្រេងឥន្ធនៈផូស៊ីល៕