(វ៉ាស៊ីនតោន)៖ គេហទំព័រ Wikileaks ជាថ្មីម្ដងទៀត បានអះអាងថាខ្លួនបានរកឃើញបច្ចេកវិទ្យាលួចស្ដាប់ ថ្មីមួយផ្សេងទៀត របស់ទីភ្នាក់ងារចារកិច្ចអាមេរិក CIA។ បច្ចេកវិទ្យាថ្មីនេះមាន ឈ្មោះថា «Highrise» ដែលត្រូវបានដាក់ឱ្យដំណើរការក្រោមទម្រង់ជាកម្មវិធីសម្រាប់ទូរសព្ទដៃស្មាតហ្វូនប្រភេទ Android ក្នុងគោលបំណងចូលអានសារ SMS ឬក៏បង្វែរការផ្ញើសាររបស់ អ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧។
យោងតាម Wikileaks តាមរយៈកម្មវិធី Highrise 2.0 CIA មានសមត្ថភាពអានសារចេញ ឬចូល និងអាចបង្វែរសាររបស់អ្នកប្រើប្រាស់ ហើយកម្មវិធីនេះទៀតសោត ត្រូវបានបង្កើតឡើង សម្រាប់ទូរសព្ទដៃស្មាតហ្វូនប្រភេទ Android ដែលមាន Version 4.0 រហូតដល់ 4.4។ បើនិយាយឱ្យងាយស្ដាប់ នៅពេលយើងទាញយកកម្មវិធី Highrise មកតម្លើងលើទូរសព្ទដៃ នោះ នៅពេលប្រើដំបូងយើងអាចបញ្ជាវាបាន ប៉ុន្តែពេលបើកវាជាលើកទី០២ នោះវានឹងចាប់ដំណើរការជាសម្ងាត់ដោយខ្លួនឯង ពោលគឺបន្ទាប់មក កម្មវិធីនេះនឹងបង្ហាញនៅលើអេក្រង់ទូរសព្ទដៃ ក្រោមឈ្មោះមួយទៀតថា «TideCheck»។ ចំណែកឯ ពាក្យសម្ងាត់ ឬ Password ដើម្បីតម្លើងកម្មវិធីនេះត្រូវបានគេប្រើជាភាសាអារ៉ាប់ «Insallah» ឬក៏មានន័យថា«បើសិនជាព្រះជាម្ចាស់ ចង់បាន»។
គួរបញ្ជាក់ថា គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៦មក គេហទំព័រ Wikileaks របស់លោក Julian Assange បានទម្លាយឯកសារសម្ងាត់ជាច្រើនក្រោមឈ្មោះថា «Vault7» ដែលនិយាយអំពី សមត្ថភាព Hack និងលួចស្ដាប់នៃទីភ្នាក់ងារចារកិច្ចអាមេរិក CIA ក្នុងនោះរួមមានទំាងការ Hack ពាក្យសម្ងាត់ ឬ Password របស់ឧបរណ៍អេឡិចត្រូនិច ក៏ដូចជាការលួចទិន្នន័យនៅលើ បណ្ដាញទំនាក់ទំនងសង្គម៕