(មូស្គូ)៖ អ្នកតំណាងយោធាយេមែនម្នាក់ លោកឧត្តមសេនីយ៍ Aziz Rashid បានកត់សម្គាល់ថា សង្រ្គាមរវាងអារ៉ាប៊ីសាអូឌីត និងយេមែន អាចនឹងផ្ដល់ផលចំណេញដ៏ធំដល់សហរដ្ឋអាមេ រិក នោះគឺនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ចំណេញលុយរាប់ពាន់លានដុល្លារតាមរយៈការលក់អាវុធឱ្យភាគីជម្លោះនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាពេលថ្មីនេះ។
ការថ្លែងបែបនេះរបស់លោក Aziz Rashid កើតមានឡើងបន្ទាប់ពី បណ្ដាសារព័ត៌មានលោកខាងលិច នាំគ្នាចុះផ្សាយថាយេមែនមានអាវុធទំនើប ដែលអាចទាញឱ្យបណ្ដាប្រទេសនៅក្នុង តំបន់ ប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា ដូច្នេះចង់ឬមិនចង់ពួកគេនឹងត្រូវបង្ខំចិត្តងាកមកទិញអាវុធកាន់តែច្រើនពីសហរដ្ឋអាមេរិក។ លោក Aziz នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik បានកត់សម្គាល់ដូច្នេះថា៖ «...វានឹងផ្ដល់ផលចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ដល់សហរដ្ឋអាមេរិក នៅពេលដែលបណ្ដាប្រទេសអារ៉ាប់បំផ្លាញគ្នាទៅវិញទៅមក... ហើយនៅចុងបញ្ចប់ សហរដ្ឋអាមេរិក នឹងបង្កើតការគ្រប់គ្រង ក៏ដូចជាពង្រីកឥទ្ធិពលនៅក្នុងតំបន់ទាំងមូល រីឯអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម នឹងជួយឱ្យសហរដ្ឋអាមេរិកសម្រេចបំណងនេះ»។
យ៉ាងណាក៏ដោយ នៅពេលនិយាយដល់សមត្ថភាពមីស៊ីល និងអាវុធយេមែន លោក Aziz Rashid បានអះអាងថា យោធាយេមែនមានសមត្ថភាពកំណត់កូអរដោនេ ក្នុងការវាយប្រហារទៅ លើរាល់ទីក្រុងទំាងអស់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមទំាងទីក្រុងរីយ៉ាតផងដែរ។ មិនប៉ុណ្ណោះ មីស៊ីលរបស់យេមែន ថែមទំាងអាចគេចពីប្រព័ន្ធស្ទាក់ចាប់មីស៊ីលអាមេរិក US Patriot ទៀតផង។ «បច្ចុប្បន្នមីស៊ីលយេមែន បាននិងកំពុងស្ថិតនៅក្នុងការធ្វើទំនើបកម្ម ហើយសម្រាប់យេមែនវាគឺជាវិធានការការពារខ្លួនឯង ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកវាគឺជាការឈ្លានពាន»។ នេះបើតាមលោក Aziz Rashid៕