(កាប៊ុល)៖ មេដឹកនាំជាន់ខ្ពស់មួយរូបរបស់ក្រុមសកម្មប្រយុទ្ធ ISIS បានស្លាប់បាត់ហើយ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងខេត្ត Kunar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថាន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។
មេបញ្ជាការបេសកកម្ម Resolute Support ដែលដឹកនាំដោយអង្គការ NATO លោកមេទ័ព Nicholson បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងកម្លាំងយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន បានបញ្ជាក់ទទួលស្គាល់ថា បុគ្គល Abu Sayed ដែលជាមេដឹកនាំជាន់ខ្ពស់មួយរូបរបស់ពួក ISIS ត្រូវបានកម្ចាត់ចោលនៅក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែកមួយ ធ្វើឡើងទៅលើទីស្នាក់ការរបស់ក្រុមសកម្មប្រយុទ្ធនេះនៅក្នុងខេត្ត Kunar ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ»។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ ISIS រាប់រយនាក់ រួមទាំងមេដឹកនាំជាន់ខ្ពស់បីរូបរបស់ពួកគេ បានបាត់បង់ជីវិតទៅជាមួយគ្នា ក្នុងអំឡុងនៃប្រតិបត្តិការយោធារបស់កងទ័ពអាហ្វហ្គានីស្ថាន និងអង្គការ NATO ក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ៕