(អាមេរិក)៖ មនុស្សយ៉ាងតិចបីនាក់បានបាត់បង់ជីវិត និងបីនាក់ទៀតបានទទួលរបួស នៅក្នុងគ្រោះអគ្គីភ័យដ៏ធំមួយ ដែលបានឆាបឆេះឡើងក្នុងអគារខុនដូកម្ពស់ ៣៦ជាន់ មួយកន្លែងដែលស្ថិតនៅទីក្រុង Honolulu នៃរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់បណ្តាប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក គ្រោះអគ្គីភ័យនេះបានកើតឡើង នៅជាន់ទី២៦ នៃអគារខុនដូមានឈ្មោះថា Marco Polo មានផ្ទុកលំនៅឋានចំនួន ៥៦៨ខុនដូ នៅជាប់ដងវិថី Kapiolani ក្នុងទីក្រុងហូណូលូលូ កាលពីវេលាព្រឹកថ្ងៃសៅរ៍នេះ ហើយក្រោយមកអណ្តាតភ្លើងដ៏បានឆាបឆេះឡើង រីករាលដាល់ដល់ជាន់ដទៃៗទៀត។
គួរបញ្ជាក់ថា បើតាមប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យប្រចាំទីក្រុង Honolulu តួលេខនៃមនុស្សស្លាប់អាចនឹងប្រែប្រួលបន្តទៀត ដោយសារតែមនុស្សមួយចំនួនត្រូវបានគេជឿជាក់ថា នៅជាប់ក្នុងអគារកើតហេតុនៅឡើយទេ ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គីភ័យជាង ១០០នាក់ បានឆ្លើយតបចំពោះគ្រោះអគ្គីភ័យនេះ៕