(អាមេរិក)៖ បន្ទាប់ពីអង្គការ NASA បានសារភាពថា ខ្លួនពុំអាចកំណត់កាលបរិច្ឆេទលើការចេញបេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ (Mars) ដោយសារបញ្ហាផ្នែកហិរញ្ញវត្ថុនោះ បណ្តាក្រុមហ៊ុនពាណិជ្ជកម្មទីអវកាសមួយចំនួន បានចេញមុខទទូចឲ្យសភាអាមេរិកពង្រីកភាពជាដៃគូសាធារណ-ឯកជនដ៏ជោគជ័យ របស់ទីភ្នាក់ងារអវកាសអាមេរិកនេះ សម្រាប់ការដឹកជញ្ជូនទៅមក នៅឯស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដល់កម្មវិធីដទៃៗទៀតនាពេលអនាគតខាងមុខ រួមបញ្ចូលទាំងបេសកកម្មបញ្ជូនក្រុមអវកាសយានិក ទៅកាន់ Mars ផងដែរ។ នេះបើតាមការចេញផ្សាយដោយ វែបសាយវិទ្យាសាស្រ្ត Space.com នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។
នាពេលបច្ចុប្បន្នទីភ្នាក់ងារអវកាស NASA កំពុងតែសហការជាមួយក្រុមហ៊ុនឯកជនអវកាសចំនួន ០៦ផ្សេងទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធគំរូមួយ ដែលនឹងជួយបង្កើនសមត្ថភាពនៃយានអវកាស Orion និងគ្រាប់រ៉ុក្កែតមានតម្លៃរាប់ពាន់លានដុល្លាររបស់ NASA។ អង្គការ NASA បានឲ្យដឹងថា ខ្លួនមានបំណងប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីបញ្ជូនក្រុមអវកាសយានិកទៅកាន់ភពព្រះអង្គារ នៅក្នុងខ្ទង់ទសវត្សរ៍ឆ្នាំ២០៣០។
ដោយឡែកនាសប្តាហ៍នេះ NASA បានលាតត្រដាងឲ្យដឹងថា ខ្លួនទំនងជាមិនអាចបញ្ជូនមនុស្សទៅភពអង្គារ តាមកាលកំណត់បានទេ ព្រោះតែកំពុងខ្វះខាតហិរញ្ញវត្ថុ។ ជុំវិញរឿងនេះអគ្គនាយករងរបស់ក្រុមហ៊ុនអវកាសដ៏ល្បីរបស់សហរដ្ឋអាមេរិក SpaceX លោក Tim Hughes បានថ្លែងប្រាប់គណៈកម្មាធិការរងនៃព្រឹទ្ធសភាអាមេរិក ទទួលបន្ទុកការប្រកួតប្រជែងផ្នែកវិទ្យាសាស្រ្ត និងអវកាសថា «ការវិនិយោគបន្ថែមទៅក្នុងក្រុមហ៊ុនអវកាសឯកជន អាចជួយបង្កើនល្បឿននៃកិច្ចផ្តួចផ្តើមនេះ ហើយកាត់បន្ថយការចំណាយនៃគម្រោងនេះក្នុងបរិមាណគួរឲ្យកត់សម្គាល់បាន»។
យ៉ាងណាមិញ ប្រធានបេសកកម្មបញ្ជូនមនុស្ស ធ្វើដំណើរក្នុងលំហអវកាស លោក Willianm H. Gerstenmaier នៃទីភ្នាក់ងារអវកាស NASA បានឲ្យតំរុយថា NASA ប្រហែលជាអាចងាកទៅផ្តោតសំខាន់លើការវិលត្រឡប់ទៅកាន់ឋានព្រះច័ន្ទវិញក៏ថាបាន៕