(ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិននាថ្ងៃសៅរ៍នេះ បានចេញសេចក្តីប្រកាសឲ្យបង្កើនការប្រុងប្រយ័ត្នមួយក្នុងកម្រិត «ពណ៌ខៀវ» ដែលជាកម្រិតទាបបំផុត នៅក្នុងប្រព័ន្ធប្រកាសអាសន្នមានបួនថ្នាក់របស់ប្រទេសចិន សម្រាប់ការបន្តធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅតាមតំបន់ភាគខាងកើត និងភាគខាងត្បូងនៃផ្ទៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។
មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានឲ្យដឹងថា ចាប់ពីថ្ងៃសៅរ៍នេះដល់ថ្ងៃអាទិត្យស្អែក ការធ្លាក់ភ្លៀងខ្លាំងត្រូវបានគេរំពឹងថា នឹងកើតមានឡើងនៅក្នុងតំបន់ជាច្រើនតាមបណ្តោយទន្លេលឿង និងទន្លេ Huaihe រួមទាំងផ្នែកដទៃទៀតនៃខេត្ត Guangdong ក៏ដូចជាខេត្ត Hainan។ ជាងនេះទៅទៀត ខេត្ត Anhui, Shandong, Jiangsu, និង Haina ប្រហែលជាទទួលការធ្លាក់ភ្លៀងក្នុងកម្រិតកម្ពស់ ១៤០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង។
មជ្ឈមណ្ឌលខាងលើបានក្រើនរំលឹកឲ្យអាជ្ញាធរក្នុងតំបន់ទាំងអស់ គួរតែចាត់វិធានការដើម្បីទប់ទល់ប្រឆាំងនឹងព្យុះភ្លៀង, កាត់ផ្តាច់ចរន្តផ្គត់ផ្គង់អគ្គិសនីដែលនៅក្រៅកណ្តាលវាល ក្នុងតំបន់គ្រោះថ្នាក់នានា ហើយបង្ការគ្រោះមហន្តរាយផ្សេងៗ រួមមានទឹកជំនន់ និងការរអិលបាក់ដីជាដើម ខណៈមនុស្សជាច្រើននាក់មកហើយបានបាត់បង់ជីវិត ដោយសារព្យុះភ្លៀងនៅក្នុងប្រទេសចិន ក្នុងអំឡុងពេលថ្មីៗនេះ។
គួរបញ្ជាក់ថា ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្នផ្នែកអាកាសធាតុសម្រាប់ការធ្លាក់ភ្លៀងខ្លាំង ចំនួន ០៤ថ្នាក់ដោយប្រើប្រាស់ពណ៌សម្គាល់ ខណៈក្នុងចំណោមនោះពណ៌ក្រហមមានន័យថាធ្ងន់ធ្ងរជាងគេបំផុត ហើយបន្ទាប់មកពីពណ៌ទឹកក្រូច, លឿង, និងខៀវ៕