(ប៉េកាំង)៖ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកចិនចំនួន ០៦គ្រឿង បានធ្វើការហោះហើរនៅលើច្រកសមុទ្រ Miyako ដែលនៅចន្លោះកោះភាគខាងត្បូងចំនួនពីររបស់ប្រទេសជប៉ុន នៅក្នុងការហ្វឹកហ្វឺនផ្នែកយោធាមួយនោះ ក្រសួងការពារជាតិចិន បានប្រាប់ទៅកាន់ភាគីជប៉ុនថា ពួកគេយល់ល្អគួរតែទម្លាប់ខ្លួនឲ្យហើយទៅ នឹងការធ្វើលំហាត់យោធារបស់ទីក្រុងប៉េកាំង នៅចុងទឹកដីរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។
យន្តហោះទម្លាក់គ្រាប់ធុន Xian H-6K បានធ្វើការហោះហើរនៅលើច្រកសមុទ្រ ដែលកាន់ចែកកោះ Miyako និង Okinawa របស់ជប៉ុន។ ជាការឆ្លើយតបទីក្រុងតូក្យូក៏បានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន ហើយសម្តែងការតវ៉ាចំពោះយន្តហោះទម្លាក់គ្រាប់បែករបស់ចិន ដែលស្ថិតនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីកោះយុទ្ធសាស្រ្តដ៏សំខាន់ Okinawa ក៏ប៉ុន្តែទីក្រុងប៉េកាំងបានគូសបញ្ជាក់ថា ពួកគេមិនបានរំលោភដែនអាកាសរបស់ប្រទេសជប៉ុនឡើយ។
ក្រសួងការពារជាតិចិនបានបន្ថែមថា វាគឺជារឿងស្របច្បាប់ត្រឹមត្រូវសម្រាប់ឲ្យយន្តហោះយោធារបស់ពួកគេ ធ្វើប្រតិបត្តិការនៅលើដែនអាកាសអព្យាក្រិត ហើយពួកគេនឹងបន្តធ្វើលំហាត់ហ្វឹកហ្វឺនជាធម្មតាថែមទៀត នៅក្បែរបណ្តាកោះរបស់ប្រទេសជប៉ុន ដោយយោងតាមតម្រូវការនៃបេសកកម្ម។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដដែលនេះ ភាគីដែលពាក់ព័ន្ធមិនគួរខឹងសម្បារ ឬត្អូញត្អែរចំពោះរឿងនេះ ឬមួយក៏មានការយល់ខុសនោះឡើយ... វានឹងលែងអីហើយនៅពេលណាដែលពួកគេស៊ាំនឹងរឿងនេះនោះ។
គួរបញ្ជាក់ថា សកម្មភាពហោះហើរយន្តហោះទម្លាក់គ្រាប់បែកខាងលើរបស់ចិន ទំនងជាត្រូវបានគណនាដោយហ្មត់ចត់ជាទីបំផុត ដោយពួកគេមិនបានបំពានលើដែនអាកាសជប៉ុន ឬរំលោភលើដែនអាកាសតៃវ៉ាន់នោះឡើយ គ្រាន់តែយ៉ាងកៀកនឹងដែនអាកាសនៃប្រទេសទាំងពីរនេះ៕