(លីម៉ា)៖ អតីតប្រធានាធិបតីប៉េរូ លោក Ollanta Humala ដែលបានកាន់អំណាចអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ រួមនិងភរិយារបស់លោក ត្រូវបានអាជ្ញាធរសម្រេចបញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្នក្នុងពន្ធនាគារហើយ ក្រោយពីមានការចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ នៅអំឡុងពេលលោកដឹកនាំប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។
លោក Humala ត្រូវបានគេដឹងថា ជាអតីតប្រធានាធិបតីប៉េរូទីបី ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនយកមកផ្តន្ទាទោស ពាក់ព័ន្ធនឹងរឿងពុករលួយ ដូចទៅនឹងអតីតប្រធានាធិបតី លោក Augusto B. Leguia និងលោក Alberto Fujimori ផងដែរ។ បច្ចុប្បន្នលោកត្រូវបានឃុំឃាំង នៅក្នុងពន្ធនាគារ Barbadillo De La Diroes ស្ថិតនៅក្នុងសង្កាត់ Ate Vitarte នៃរដ្ឋធានីលីម៉ា ដែលជាទីលោក Alberto Fujimori កំពុងជាប់ឃុំឃាំង។
ដោយឡែកភរិយារបស់លោក គឺលោកស្រី Nadine Heredia ត្រូវបាននាំខ្លួនទៅឃុំនៅពន្ធនាគារស្ត្រី Virgen de Fatima ក្នុងសង្កាត់ Chorrillos នៃទីក្រុងលីម៉ា។ គួរបញ្ជាក់ថា លោក Humala និងភរិយាបានសម្រេចប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារតែគ្រួសារលោកមានការព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ហើយលោករដ្ឋអាជ្ញា Rafael Vela បានស្នើសុំរយៈពេល ១៨ខែ សម្រាប់ការឃុំឃាំងលោក Humala ដើម្បីរង់ចាំការស៊ើបអង្កេតលើកករណីនេះបន្តទៀត៕