(ហាវ៉ាណា)៖ ប្រធានាធិបតីប្រទេសគុយបា លោក Raul Castro បានស្តីបន្ទោស លោក ដូណាល់ ត្រាំ ថា គោលជំហរជ្រុលនិយមរបស់ប្រធានាធិបតីអាមេរិករូបនេះប្រឆាំងនឹងគុយបា បានគូសចំណាំនូវភាពបរាជ័យមួយ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានស្តារឲ្យទៅរកភាពប្រសើរឡើងវិញដោយសន្សឹមៗ កាលពីឆ្នាំ២០១៥ ទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងក្នុងសភាគុយបា លោក Raul Castro បានលើកឡើងថា «សេចក្តីប្រកាសនាពេលថ្មីៗនេះ ដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺជាការបញ្ហាក៏ដូចជាការបរាជ័យមួយ នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ»។ លោក Castro បានរិះគន់ខ្លាំងៗចំពោះទង្វើរបស់ លោក ដូណាល់ ត្រាំ ដែលបានសម្រេចកែប្រែគោលនយោបាយចាស់ៗមួយចំនួន របស់អតីតមេដឹកនាំអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលត្រូវបានបង្កើតឡើង ដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយប្រទេសដីកោះកុម្មុយនិស្តមួយនេះ។
គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ លោក ដូណាល់ ត្រាំ បានប្រកាសអំពីច្បាប់រឹតបន្តឹងចំពោះប្រជាជនអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសគុយបា រួមទាំងការធ្វើពាណិជ្ជកម្មជាមួយគុយបាជាដើម។ លោក Castro បានហៅវិធានការថ្មីនេះ គឺជាការរឹតបន្តឹងការហ៊ុមព័ទ្ធរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងគុយបា ដែលត្រូវបានដាក់មកលើប្រទេសដីកោះមួយនេះ ចាប់តាំងពីឆ្នាំ១៩៦២ មកម្ល៉េះ៕