(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្រ្តអាមេរិក បានសម្រេចអនុម័តគាំទ្រលើសេចក្តីព្រាងការពារជាតិមួយ ដែលស្នើឲ្យបង្កើនការចំណាយ ទៅលើកម្មវីធីប្រព័ន្ធការពារមីស៊ីល ខណៈការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង កាន់តែរីកធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។
ច្បាប់ស្តីពីការអនុញ្ញាតលើវិស័យការពារជាតិសម្រាប់ឆ្នាំ២០១៨ ត្រូវបានបោះឆ្នោតគាំទ្រដោយសភាអាមេរិក ក្នុងសំឡេង ៣៤៤-៨១ ដើម្បីបោះកញ្ចប់ថវិកាចំនួន ៦៩៦ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិអាមេរិក ក្នុងឆ្នាំ២០១៨ ដោយមានរួមបញ្ចូលទាំងថវិកាប្រមាណ ១២.៥ពាន់លានដុល្លារសម្រាប់កម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធខែលការពារមីស៊ីលផងដែរ។
គណៈកម្មាធិការសេវាសព្វាវុធ នៃសភាតំណាងរាស្រ្តអាមេរិកបានលើកឡើង នៅក្នុងសេចក្តីសង្ខេបនៃសេចក្តីព្រាងនេះថា «គណៈកម្មាធិការមួយនេះ នៅតែបន្តធ្វើការអ្នកគាំទ្រយ៉ាងពេញទំហឹងមួយដដែល ចំពោះការសម្រេចឲ្យបាននូវកម្មវិធីប្រព័ន្ធការពារមីស៊ីល ដែលមានសមត្ថភាពខ្ពស់ ដោយសារការគំរាមកំហែងដែលកំពុងតែរីកធំឡើងៗកាន់តែខ្លាំង ប្រឆាំងនឹងទឹកដីរបស់យើង ក៏ដូចជាបណ្តាសម្ព័ន្ធមិត្តក្នុងតំបន់ ដែលបង្កឡើងដោយកូរ៉េខាងជើង អ៊ីរ៉ង់ និងប្រទេសដទៃៗទៀត»។
គណៈកម្មធិការខាងលើបានបន្តថា «សេចក្តីព្រាងនេះបានបន្ថែមថវិកាចំនួន ២.៥ពាន់លានដុល្លារ លើសពីការទាមទារឲ្យលោកប្រធានាធិបតីទៅទៀត ដើម្បីបំពេញតម្រូវការនៃប្រព័ន្ធការពារមីស៊ីលដ៏សំខាន់។ ម៉្យាងវិញទៀតវាក៏ជាការទទួលស្គាល់អំពីការភាពរីកចម្រើនក្នុងផ្នែកគុណភាព ក៏ដូចជាបរិមាណនៃមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង ដែលប្រទេសជាតិយើងកំពុងប្រឈមផងដែរ»។
គួរបញ្ជាក់ថា ការអនុម័តគាំត្រសេចក្តីព្រាងការពារជាតិនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបចំនួនមួយគ្រាប់ដោយជោគជ័យកាលពីសប្តាហ៍មុន ដែលអ្នកជំនាញជាច្រើន បានអះអាងថា វាមានសមត្ថភាពបាញ់មកដល់រដ្ឋអាឡាស្កា និងផ្នែកដទៃមួយចំនួនទៀតរបស់សហរដ្ឋអាមេរិក ប្រសិនបើត្រូវបានអភិវឌ្ឍន៍បន្ថែមទៀតនោះ។
ដោយឡែក ដើម្បីអាចចូលជាធរមានពេញលេញបាន សេចក្តីព្រាងនេះត្រូវតែរួមបញ្ចូលគ្នាជាមួយ និងសេចក្តីព្រាងមួយទៀតស្តីពីវិស័យការពារជាតិដូចគ្នារបស់ព្រឹទ្ធសភា នាចុងឆ្នាំ២០១៧នេះ ហើយបន្ទាប់ពីវាត្រូវបានបញ្ជូនទៅដល់សេតវិមាន ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក៏អាចមានសិទ្ធិវេតូវាផងដែរ៕