(ប្រេស៊ីល)៖ សភានៃប្រទេសប្រេស៊ីលនឹងបោះឆ្នោតលើការសម្រេចចិត្តថា តើគួតែប្តឹងចោទប្រកាន់ប្រធានាធិបតីលោក Michel Temer ពីបទប្រព្រឹត្តអំពើពុករលួយដែរឬយ៉ាងណានោះ នាដើមខែក្រោយនេះ ពោលគឺនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧។ នេះបើតាមការឲ្យដឹងពីលោក Rodrigo Maia ប្រធានសភាជាន់ទាបប្រេស៊ីល ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពាក្យបណ្តឹងពីបទពុករលួយប្រឆាំងនឹងលោក Temer ត្រូវបានបដិសេធដោយគណៈកម្មាធិការយុត្តិធម៌ធម្មនុញ្ញនៃសភាជាន់ទាបរបស់ប្រទេសប្រេស៊ីល បន្ទាប់ពីអតីតអគ្គរដ្ឋអាជ្ញាប្រេស៊ីលលោក Rodrigo Janot បានធ្វើការចោទប្រកាន់ជាផ្លូវការលើលោក Michel Temer ពីបទពុករលួយ ហើយបានដាក់ពាក្យបណ្តឹងនេះកាលពីខែមិថុនាកន្លងទៅ ។ យ៉ាងណាមិញ លោក Maia បានឲ្យដឹងថា ការព្រមព្រៀងគ្នាមួយត្រូវបានធ្វើឡើង ដើម្បីរៀបចំការបោះឆ្នោតសម្រេចលើបញ្ហានេះនាថ្ងៃទី០២ ខែសីហាខាងមុខ។
សូមជម្រាបថា ការស៊ើបអង្កេតមួយប្រឆាំងនឹងលោក Temer ត្រូវបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបញ្ចេញសំឡេងថតបានជាសម្ងាត់មួយ ដែលនៅក្នុងនោះលោកប្រធានាធិបតីអាមេរិក ទំនងជាងបានធ្វើការពិភាក្សាអំពីការស៊ីសំណូកសូកប៉ាន់ ជាមួយម្ចាស់ក្រុមហ៊ុនកែច្នៃសាច់មានឈ្មោះថា JBS របស់ប្រទេសប្រេស៊ីល ដើម្បីបំបិទមាត់សាក្សីម្នាក់ នៅក្នុងសំណុំរឿងពុករលួយមួយ ទាក់ទិននឹងក្រុមហ៊ុនចម្រាញ់ប្រេងជាតិ Petrobras៕