(ប៉េកាំង)៖ ទីក្រុងប៉េកាំងជំទាសដាច់ខាត ចំពោះសកម្មភាពចង់បំបែករដ្ឋនានាប្រឆាំងនឹងប្រទេសចិន របស់សម្តេចសង្ឃ ដាឡៃ ឡាម៉ា និងមិនគាំទ្រឲ្យមានជំនួបក្នុងទម្រង់គ្រប់បែបយ៉ាងទាំងមួយរវាងសម្តេចសង្ឃអង្គនេះ ជាមួយនិងមន្រ្តីនៃបណ្តាប្រទេសណាមួយក៏ដោយ។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។
នាពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ព័ត៌មានថា សម្តេចសង្ឃ ដាឡៃ ឡាម៉ា នឹងនិមន្តទៅបំពេញទស្សនកិច្ចនៅប្រទេសបូសវ៉ាណា ហើយជួបពិភាក្សាជាមួយប្រធានាធិបតី នៃប្រជាជាតិក្នុងតំបន់អាហ្វ្រិកខាងត្បូងនេះ នាខែក្រោយ។ ជាការឆ្លើយតបនឹងដំណឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះទំនាក់ទំនងរបស់គ្រប់មន្រ្តីរដ្ឋាភិបាលបរទេសទាំងអស់ ជាមួយនិងសម្តេចសង្ឃ ដាឡៃ ឡាម៉ា ទោះបីជាក្នុងទម្រង់បែបណាក៏ដោយ។
សូមជម្រាបថា សម្តេចសង្ឃ ដាឡៃ ឡាម៉ា គឺជាមេដឹកនាំសាសនាបែបនិរទេស ដែលមានទំនោរទាមទារចង់បានឯករាជ្យនៅតំបន់ទីបេ ប្រឆាំងនឹងរដ្ឋាភិបាលប៉េកាំង។ ដោយឡែក ជាចុងក្រោយលោក Shuang បានបញ្ជាក់ថា «យើងសង្ឃឹមថាប្រទេសបូសវ៉ាណា (Botswana) នឹងមើលឃើញយ៉ាងច្បាស់អំពីចេតនារបស់សង្ឃ ដាឡៃ ឡាម៉ា និងមានការគោរពដោយស្មោះត្រង់ចំពោះក្តីបារម្ភដ៏ចម្បងរបស់ប្រទេសចិន ហើយធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើបញ្ហានេះ»៕