(វ៉ាស៊ីនតោន)៖ កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក ដូណាល់ ត្រាំ ជូនា (Donald Trump Jr.) ដែលកំពុងរងគ្រោះយ៉ាងខ្លាំងក្លា នៅក្នុងរឿងរ៉ាវដ៏ចម្រូងចម្រាសពាក់ព័ន្ធនឹង ជំនួបជាសម្ងាត់មួយកាលពីពាក់កណ្តាលឆ្នាំ២០១៦ រវាងលោក និងមេធាវីម្នាក់ដែលអាចជាខ្សែបណ្តាញរបស់រដ្ឋាភិបាលរុស្ស៊ីនោះ នឹងត្រូវកោះហៅឲ្យទៅផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិក។ នេះបើតាមការឲ្យដឹងពីគណៈកម្មាធិការយុត្តិធម៌អាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់ស្ថានីយ៍ទូរទស្សន៍អាមេរិក CNN សមាជិកព្រឹទ្ធសភា នៃបក្សសាធារណរដ្ឋលោក Chuck Grassley បានថ្លែងថា រូបលោកមានបំណងចង់ផ្ញើលិខិតទៅកាន់លោក Trump Jr. ដើម្បីកោះហៅកូនប្រុសបណ្តូលចិត្តរបស់លោក ដូណាល់ ត្រាំ រូបនេះ មកសាកសួរឲ្យបានច្បាស់លាស់ ហើយលោក Trump Jr. អាចនឹងត្រូវហោះហៅយ៉ាងលឿនបំផុតគឺនៅសប្តាហ៍ក្រោយនេះឯងតែម្តង។ ជុំវិញរឿងនេះ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Paul Ryan បានលើកឡើងថា នរណាក៏ដោយ ដែលត្រូវបានកោះហៅឲ្យទៅផ្តល់សក្ខីកម្មនៅចំពោះមុខព្រឹទ្ធសភា គួរតែគោរពធ្វើតាម។
សូមជម្រាបថា លោក Trump Jr. កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហោះកំណត់ត្រាពេញលេញនៃសារអ៊ីម៉ែលរបស់លោក ដែលឈានឲ្យមានការរៀបចំជំនួបជាសម្ងាត់មួយកាលពីខែមិថុនា ឆ្នាំ២០១៦ រវាងរូបលោក និងមេធាវីរុស្ស៊ីម្នាក់ ដែលត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយនិងរដ្ឋាភិបាលទីក្រុងម៉ូស្គូ ហើយរឿងរ៉ាវលេចឡើងថ្មីនេះ ប្រៀបដូចភស្តុតាំងជាក់ស្តែងមួយផ្សេងទៀត ដែលគាំទ្រមន្ទិលសង្ស័យដែលថា ក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ បានឃុបឃិតជាមួយរដ្ឋាភិបាលបរទេស គឺប្រទេសរុស្ស៊ី កាលពីអំឡុងការឃោសនារកសំឡេងឆ្នោតកាលពីឆ្នាំមុន។
គួរបញ្ជាក់ដែរថា យោងតាមបណ្តុំសារអ៊ីម៉ែលនោះ លោក Trump Jr. បានយល់ព្រមទាំងពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ក្នុងការរៀបចំជំនួបនេះ បន្ទាប់ពីបុរសម្នាក់មានឈ្មោះថា Rob Goldstone ដែលជាអ្នកស្គាល់គ្នា បានប្រាប់ថាមេធាវីរុស្ស៊ីរូបនោះ គឺលោកស្រី Natalia Veselnitskaya មានព័ត៌មានអាក្រក់ៗជាច្រើនស្តីពីលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាគូប្រជែងរបស់លោក ដូណាល់ ត្រាំ។ ជាមួយគ្នានេះ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោកស្រី Veselnitskaya បានច្រានចោលចំពោះការលើកឡើង ដែលថាលោកស្រីបានពិភាក្សាអំពីបញ្ហាទាក់ទងនឹងលោកស្រី គ្លីនតុន ជាមួយលោក Trump Jr. កាលពីអំឡុងជំនួបនោះ ហើយមេធាវីរូបនេះ ក៏បានបដិសេធថាមិនមានចំណងទាក់ទងអ្វីទាំងអស់ជាមួយរដ្ឋាភិបាលរុស្ស៊ីផងដែរ៕