(អន្តរជាតិ)៖ ក្រុមរ៉ាឌីកាល់មូស្លីមមានច្រើនបក្ខពួក ដែលក្រុមទាំងនោះក្រោយការបែកខ្ញែក និងមានការអូសទាញ បានចូលរួមជាមួយរដ្ឋឥស្លាម ដែលធ្វើការវាយប្រហារនៅស៊ីរី។
* តួនាទីតួកគីក្នុងសង្គ្រាមស៊ីរី (ឆ្នាំ២០១៣ - ២០១៦)
ក្រោយការប្រឆាំងនឹងប្រធានាធិបតីស៊ីរី បាស្សា អាល់ អាស្សាដ ក្នុងឆ្នាំ២០១១ មនុស្សជាច្រើនវាយតម្លៃថា ប្រទេសស៊ីរីអាចនឹងមានសង្គ្រាមស៊ីវិល។ ពិតដូច្នេះមែន ប្រធានាធិបតី អាស្សាដ មានភាពរឹងទទឹង មិនព្រមបញ្ឈប់ការប្រើប្រាស់ហិង្សា មិនបង្កើតអោយមានកំណែទម្រង់ ហើយមិនចេញពីដំណែងឡើយមិនថា មេដឹកនាំអាមេរិកប្រធាធិបតី អូបាម៉ា និងប្រធានាធិបតីតួកគី ស្នើសុំយ៉ាងណាក្តី។ គណបក្សប្រឆាំងនៅប្រទេសស៊ីរីបែកខ្ញែកគ្នា បក្ខនីមួយៗមានការប្រឆាំងដើម្បីបុព្វហេតុផ្សេងៗគ្នា ចុងបញ្ចប់មានតែសង្គ្រាមស៊ីវិល។
ប្រទេសតួកគីគាំទ្របក្សប្រឆាំង ដោយបើកព្រំដែនស៊ីរី-តួកគីអោយទូលាយ ជាជំនួយក្នុងការនាំចូលអាវុធ។ សង្រ្គាមនៅតែវិវត្តន៍ទៅមុខ ហើយព្រំដែននៅតែបើកចំហដដែល ដើម្បីជួយដល់ជនភៀសខ្លួន ដែលនេះជាអំពើមនុស្សធម៌មួយ ប៉ុន្តែត្រូវបានពួកជីហាដឆ្មក់យកផលប្រយោជន៍ ដូចជាពួក Jabhal al-Nusra (ឥឡូវឈ្មោះHTS) និងពួកអាល់កៃដានៅប្រទេសស៊ីរី។
អតីតមន្រ្តីសហរដ្ឋអាមេរិកម្នាក់ថែមទាំងចោទថា តួកគីដឹងពីដំណើររបស់ពួកជីហាដទាំងនេះ ហើយជួយពួកគេទៀតផង។ សហរដ្ឋអាមេរិកបានចាត់ទុកពួក al-Nursra ជាអង្គការភេរវកម្ម តាំងពីខែធ្នូ ឆ្នាំ២០១២ មកម្ល៉េះ ប៉ុន្តែតួកគីរង់ចាំដល់ខែមិថុនា ឆ្នាំ២០១៤ ទើបចុះឈ្មោះក្រុមនេះជាក្រុមភេរវកម្ម ដែលមកដល់ពេលនេះ គឺហួសពេលបាត់ទៅហើយ។ ក្រុមនេះរាប់ពាន់នាក់បានធ្វើដំណើរទៅស៊ីរី ក្នុងកំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ខ្លះយករបាំង មនុស្សធម៌មកប្រើប្រាស់ ដើម្បីឈានជើងចូលទៅរកក្រុមជ្រុលនិយមនៅស៊ីរីក៏មាន។ មេដឹកនាំ IS ម្នាក់មានឈ្មោះថា Yakup Aktulum និយាយថា ខ្លួនទៅស៊ីរីឆ្នាំ២០១៣ ដើម្បីនាំយកអំណោយមនុស្សធម៌ពីអង្គការ IHH ជាអង្គការមួយដែលគេសង្ស័ថា មានទំនាក់ទំនងជាមួយពួកអាល់កៃដា។
ប្រទេសមួយចំនួនក្នុងពិភពលោក ដូចជា អេហ្ស៊ីប និង ទុយនីស៊ី បានផ្លាស់ប្តូរជានយោបាយអ៊ីស្លាម ហើយតួកគីដែលមានមេដឹកនាំជាប់ឆ្នោតផ្ទួនៗគ្នា ក្នុងការដឹកនាំទៅរករបត់នយោបាយនេះបានក្លាយ ខ្លួនជាមេគេ ពង្រីកឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសជិតខាង។ តួកគីគាំទ្របក្សប្រឆាំងស៊ីរី ទោះបីជាពួកនេះបានប្រើហិង្សា មានភាពជ្រុលនិយម និងជំរុញអោយប្រទេសស៊ីរីខិតទៅជិតសង្រ្គាមក៏ដោយ។
ដូចគ្នានឹងតួកគីដែរ សហរដ្ឋអាមេរិកគាំទ្របក្សប្រឆាំងរបស់ស៊ីរី ហើយបានរួមដៃគ្នាជាមួយតួកគី ផ្តល់ជំនួយដល់បក្សប្រឆាំងទាំងនោះដោយ ផ្តគ់ផ្គង់សព្វាវុធ ប៉ុន្តែមកដល់ខែតុលា ឆ្នាំ២០១២ មន្រ្តីអាមេរិករកឃើញថា ជំនួយទាំងនោះមិនទៅដល់ដៃបក្សប្រឆាំងស៊ីរីឡើយ គឺត្រូវបានប្រើប្រាស់ ដោយក្រុមជីហាដ ហើយអាមេរិកទំលាក់កំហុសលើតួកគី ដែលបណ្តោយអោយហេតុការណ៍នេះកើតឡើងបាន។
ប្រធានាធិបតី អេដូហ្គេន និង រដ្ឋមន្រ្តីក្រសួងការបរទេសជំនាន់នោះគឺលោក អាមិត ដាវូតូគ្លូ មិនខ្វល់ឡើយថា អាមេរិកគាំទ្រខាងណា ព្រោះពួកគេមានក្រុមបក្ខពួកដែលគេចង់ជួយផ្សេងទៀត។ អភិបាលខេត្តហេតីយ នៅព្រំដែនតួកគី និងស៊ីរី បានចាប់ឃាត់ឡានដឹកទំនិញមួយ ដែលបញ្ចូនដោយភ្នាក់ងារស៊ើបអង្កេតរបស់រដ្ឋតួកគី (MIT) ។ រដ្ឋាភិបាលបកស្រាយថា នោះជាកញ្ចប់ជំនួយសម្រាប់ទាហានតួកគីនៅស៊ីរី តែរបាយការណ៍មុន ហេតុការណ៍នេះត្រូវបានទម្លាយលើកឡើងថា នេះជាជំនួយត្រូវបញ្ជូនទៅតំបន់ គីលីស ជាតំបន់ក្បែរៗ កន្លែងជីហាដកាន់កាប់។
ហេតុការណ៏ស្រដៀងគ្នានេះបានកើតឡើងម្តងទៀតនាថ្ងៃទី ១៩ ខែមករា នៅរដ្ឋ អាដាណា តែលើកនេះក្នុងឡានដឹកទំនិញមានសុទ្ធសឹង កាំភ្លើង និងគ្រាប់រ៉ុក្កែត ដែលជារបស់ MIT។ រដ្ឋអាជ្ញា បញ្ជាអោយមានការបញ្ឈប់ឡានដឹកទំនិញនេះ ប៉ុន្តែប៉ូលិសត្រូវបានដកចេញ ពីកន្លែងកើតហេតុប្រឆាំងនឹងការបញ្ជាររបស់រដ្ឋអាជ្ញា ហើយប្រធានាធិបតី អេដូហ្គេន និយាយបញ្ចប់ក្តីថា នេះជាគម្រោងការទម្លាក់គាត់ពីដំណែងប៉ុណ្ណោះ។
កំណើនឡើងនៃឥទ្ធិពល IS នៅប្រទេសស៊ីរីពាក់កណ្តាលឆ្នាំ២០១៤ ផ្តល់ជាការគំរាមកំហែង ព្រោះក្រុមនេះខ្លាំង និងសាហាវជាងពួកអាល់កៃដា និងពួកជីហាដណាៗទាំងអស់។ IS វាយលុកយកទឹកដី ក្នុងខែកក្កដា ឆ្នាំ២០១៤ ពួកវាបានវាយលុកកាន់កាប់ទីក្រុង ម៉ូស៊ុល និង ហ្វាឡូចា ព្រមទាំងតំបន់ព្រំដែនអ៊ីរ៉ាក់ទៀតផង។ ក្នុងខែកញ្ញា សហរដ្ឋអាមេរិកបានប្រកាសសង្រ្គាម និងរួមដៃគ្នាជាមួយ ៤០ ប្រទេសដើម្បីកំចាត់ IS។
តួកគីមិនបានបង្ហាញភាពស្វាហាប់ក្នុងការចូលរួមប្រឆាំងនឹង IS ឡើយ។ តួកគីមានភាពយឺតយ៉ាវ ក្នុងការប្រឆាំងនឹង IS និង បញ្ឈប់ការរកជំនួញប្រេង និងវត្ថុខុសច្បាប់នានា អូសបន្លាយដល់ខែតុលា ឆ្នាំ ២០១៥។ តួកគីមិនបានអនុញ្ញាតអោយអង្គការប្រឆាំង IS ធ្វើការនៅព្រលានយន្តហោះ អីនឃឺលីក ដែលនៅជិតស៊ីរីឡើយ។ រយៈពេល១ឆ្នាំដែលការវាយប្រហារត្រូវបានធ្វើឡើង ពីកន្លែងឆ្ងាយៗនៅសាធារណរដ្ឋសាយព្រុស (Cyprus) សហព័ន្ធអារ៉ាប់ និងប្រទេសកាតា (Qatar)។
មកដល់ខែមីនា ឆ្នាំ ២០១៤ IS បានបង្ហាញថា ខ្លួនមានសមត្ថភាពធ្វើការវាយប្រហារនៅប្រទេស តួកគីតាមអំពើចិត្ត។ ពួកវាបានបាញ់សម្លាប់ ប៉ូលីស០២នាក់ និងប្រជាជនស៊ីវិលម្នាក់នៅកណ្តាល ទីក្រុងអាណាតូលី។ ពួកវាចាប់ជំរិតអ្នកការទូត នៅម៉ូស៊ុល និងផ្តល់ការគំរាមកំហែងដល់ប៉ុស្តិ៍ជួរមុខតួកគី នៅប្រទេសស៊ីរី ដែលនៅទីនោះមានទាហានយាមដល់ទៅ ៣៨នាក់។ ពួក IS ក៏បានគ្រប់គ្រងទីក្រុង២របស់តួកគីដែរ គឺ ចារាបូលុស និង ថែលអាបីយាត នៅពាក់កណ្តាលឆ្នាំ ២០១៤។
តួកគីប្រហែលមិនហ៊ានជ្រោមជ្រែងការប្រឆាំងនឹងពួក IS ដោយសារពួកវានៅជិតខ្លួនពេកក៏ថាបាន ដែលនេះជាហេតុផលដែលអាចយល់យោគបាន ប៉ុន្តែវានៅតែបង្ហាញថា តួកគីមិនមានទំនួលខុសត្រូវចំពោះសកម្មភាព IS ក្នុងប្រទេសរបស់ខ្លួន និងនៅតាមព្រំដែន។ តួកគីបិទព្រំដែនរបស់ខ្លួនក្នុងឆ្នាំ២០១៤ ប៉ុន្តែសកម្មភាពជួញដូរខុសច្បាប់នៅតែកើតមាន។
ជីសម្រាប់កសិកម្មដើម្បីបង្កើតស្បៀង និងសារធាតុដើម្បីបង្កើតគ្រាប់បែកត្រូវបានជួញដូរទៅអោយ IS តាមរយៈតួកគី។ អ្នកកាសែត Tolga Tanis ស៊ើបអង្កេតឃើញថា មានសារធាតុផ្ទុះ ១៣,០០០តោនជួញដូរនៅក្នុងតំបន់ក្រហមពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៤។ រដ្ឋាភិបាលផ្ទុះកំហឹង នឹងការចុះផ្សាយនេះ ហើយដាក់សំពាធលើ កាសែត Hurriyet ធ្វើអោយ Tanis បាត់បង់ការងារធ្វើ។
នៅខែឧសភា ឆ្នាំ ២០១៥ កាសែត The New York Times ចុះផ្សាយថា តួកគីបិទព្រំដែន ប៉ុន្តែជីរាប់តោនត្រូវបានជួញដូរអោយក្រុម IS នៅតំបន់អាក់ខេខេល។ ឯកសាររបស់ IS ទម្លាយដោយ ជនជាតិឃើដនៅស៊ីរីបានបង្ហាញថា ជី ១២៥តោនពីតួកគី ដែលបញ្ជូនទៅត្រូវបានប្រើប្រាស់ដើម្បី បង្កើតវត្ថុធាតុដើមធ្វើគ្រាប់បែក។
IS ប្រើប្រាស់ ប៉ូតាស្យូមនីត្រាត ពីតួកគីដើម្បីបង្កើតគ្រាប់បែក IEDs។ តាមរយៈការស្រាវជ្រាវ សំងាត់របស់សភាអ៊ឺរ៉ុបបានអោយដឹងថា ឧបករណ៍ប្រើប្រាស់ ៥០ប្រភេទ ត្រូវបានជួញដូរដោយ IS និង ប្រទេស ២០ផ្សេងទៀត ក្នុងនោះមាន ១៣ ក្រុមហ៊ុនរង់ចាំផ្គត់ផ្គង់អោយ IS ជាប្រចាំ ហើយតួកគីមានតួនាទីសំខាន់ជាងគេ ក្នុងការផ្តល់ជូនវត្ថុធាតុដើម ដើម្បីបង្កើត IEDs។
ឯកសារ ៤,៦០០ សំនុំផ្សេងគ្នារបស់ IS ដែលទម្លាយដោយទាហានអាមេរិកបានអោយដឹងថា ៩០% នៃអ្នកវាយប្រហារដែលចូលរួមជាមួយ IS ឆ្លងតាមព្រំដែនតួកគីពីឆ្នាំ២០១៣ និង ២០១៤។ ភាគច្រើនគេចេញពីទីក្រុងអ៊ីស្តង់បូល ទៅព្រំដែននៃខេត្ត សានលីហ្វា ហ្គាស្សានទិប ឬ អាក់ខេខេល ទាហាននៅទីនោះមិនខ្វាល់ឡើយ ពីការឆ្លងកាត់របស់អ្នកប្រយុទ្ធទាំងនេះ។
IS ជាជនជាតិតួកគីនៅស៊ីរី និង អ៊ីរ៉ាក់ គេជឿជាក់ថា អ្នកចូលរួម IS មកពីអ៊ឺរ៉ុប ឬ អារ៉ាប់ តែតាំងពីឆ្នាំ ២០១២ មកពួកជីហាដតួកគី ជាច្រើនបានចូលរួមដែរ។ នាយករដ្ឋមន្រ្តីតួកគី Bulent Arinc បានប្រកាសកាលពីឆ្នាំ ២០១៥ ថា មានជនជាតិតួកគី ១,០០០នាក់ ចូលជាកងកម្លាំង IS។ សារព័ត៌មាន Hurriyet បានប្រកាសនូវតួលេខខ្ពស់ជាងនេះទៅទៀត គឺ ២,៧០០នាក់ តែក្នុងនោះ ១,៥០០នាក់ បានត្រឡប់មកតួកគីវិញ។ បើតាមប្រភពមួយទៀត ដែលបូកសរុបចំនួនជនជាតិតួកគីចូលជាសមាជិក IS រយៈពេល ៤ឆ្នាំ ចុងក្រោយអាចកើនដល់ ខ្ទង់ម៉ឺននាក់ឯណោះ។ ប៉ុន្តែរបាយការណ៍បានបញ្ជាក់ បន្ថែមថា ៦០%នៃចំនួននោះជាសមាជិកគ្រួសារ។ អ្នកដែលចូលរួមក្នុងអង្គការភេរវកម្ម IS ខ្លះចូលប្រយុទ្ធផ្ទាល់ ខ្លះបានក្លាយជាមេដឹកនាំទៀតផង។
* ជនជាតិឃើដ
ពួកតួក (Turks) និងឃើដ (Kurds) ជាពួកជាតិនិយមចូល IS ដើម្បីប្រយុទ្ធនឹងគណបក្ស PKK។ គណបក្ស PKK របស់តួកគីមានទំនាក់ទំនងជិតស្និទ្ធនឹង គណបក្សស៊ីរី ឈ្មោះ PYD និង YPG។
គណបក្ស PYD និង PKK អ្នកខ្លះវាយប្រហារដើម្បីសាសនា ខ្លះដើម្បីចិត្តជាតិនិយម ខ្លះដោយសារ មូលហេតុ០២នេះលាយបញ្ចូលគ្នា។ ពួកគេយល់ថា គេតំណាងអោយមនុស្សអំបូរឃើដ រាប់លាននាក់ រស់នៅតាមតំបន់នាប្រទេសតួកគី និងស៊ីរី។
ពួក IS វាយយកទឹកដី ស៊ីរីដែលមានជនជាតិឃើដរស់នៅច្រើន។ គណបក្ស YPG រួមគ្នាជាមួយ សហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹង IS ។ ប្រធានាធិបតី អេដូហ្គេន លុបចោលសន្ធិសញ្ញាសន្តិភាព រវាងតួកគី និង ឃើដ ហើយធ្វើសង្គ្រាមដោយវាយប្រហារតាមផ្លូវអាកាសទៅកាន់ គណបក្ស PKK នៅភាគខាងជើង អ៊ីរ៉ាក់។ នៅខែសីហា ឆ្នាំ ២០១៦ ទាហានតួកគីចូលបោសសំអាត IS ចេញពីព្រំដែន រឹតបន្តឹងមិនអោយពួក ឃើដឆ្លងចូលទឹកដីបាន។
ពួកឃឺដដែលសំងំខ្លួនក្នុងនៅភាគខាងត្បូងប្រទេសតួកគី គឺក្រុម ហីសបូឡា (Hizbullah/Huda-Par)។ គេមិនដឹងច្បាស់ឡើយថាក្រុមនេះពាក់ព័ន្ធនឹងរដ្ឋឥស្លាម ប៉ុណ្ណា ប៉ុន្តែអំបូរឃឺដតួកគី យ៉ាងហោច ៦០០ នាក់ចូលដៃជាមួយ IS នៅស៊ីរី និង អ៊ីរាក់ ឆ្នាំ ២០១៤។
* សង្រ្គាម តួកគី និង IS
ទំនាក់ទំនងតួកគី និង IS ចាប់ផ្តើមអន់ថយពីពេលនោះមក ពិសេសក្រោយពេលតួកគី អនុញ្ញាតអោយសហរដ្ឋអាមេរិក ធ្វើការវាយប្រហារផ្លូវអាកាសពីព្រលានយន្តហោះ Incirlik ។
តួកគីវាយប្រហារដោយកាំភ្លើងធំ និង យន្តហោះចម្បាំង ហើយ IS វាយប្រហារវិញចំនួន ៦ដង ២ដងនៃការវាយប្រហារនោះ ធ្វើឡើងនៅទីក្រុងអង់ការ៉ាផ្ទាល់តែម្តង ដើម្បីសម្លាប់ភ្ញៀវទេសចរ ដែលមកលេងទីនោះ ភាគច្រើនជាជនជាតិអ៊ីស្រាអែល និងអាល្លឺមង់។ ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០១៦ IS បំផ្លោងគ្រាប់បែក ៧០ គ្រាប់មកព្រំដែនតួកគី។
ក្នុងខែសីហាឆ្នាំ២០១៦ តួកគីចេញបេសកកម្មមួយទៅស៊ីរី ដើម្បីកំចាត់ពួកឃើដដែលកំពុង ពង្រីកឥទ្ធិពលរបស់ខ្លួននៅទីនោះ និងដើម្បីកំចាត់ IS ផងដែរ។ ក្នុងខែតុលា តួកគី និងដៃគូ អារ៉ាប់ ស៊ីរី វាយប្រហារដល់ទីក្រុង al-Bab កាន់កាប់ដោយពួក IS ធ្វើអោយ IS ប្រកាសជាលើកដំបូងបំផុត ថានឹងវាយប្រហារមកលើតួកគី។ មួយខែក្រោយមក វីដេអូមួយបានលេចឡើង គឺទាហានតួកគី ២រូបត្រូវបានពួក IS ដុតទាំងរស់។ តួកគីបំបិទប្រព័ន្ធផ្សព្វផ្សាយសង្គម Youtue Twitter និង Facebook។
សូមរង់ចាំតាមដានទស្សនាភាគ៤ នៅថ្ងៃស្អែក៕
ប្រែសម្រួល៖ វែបសាយបរទេស